(ភ្នំពេញ)៖ មន្ត្រីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញម្នាក់ ដែលខំសន្សំលុយទិញដីពីម្ចាស់ដើមពុះឡូត៌លក់ នៅជាយក្រុងទុកធ្វើផ្ទះនៅតាំងពីឆ្នាំ២០០៥ បែរជាត្រូវស្ត្រីម្នាក់ ដែលទើបមានប័ណ្ណកម្មសិទ្ធិ ចេញនៅឆ្នាំ២០១៦ ទៅវាយរបងរំលោភបំពានយកដោយមិនត្រឹមរំលោភបំពាន យកតែដីរបស់លោកប៉ុណ្ណោះទេ គឺរួមទាំងដីម្ចាស់ផ្សេងៗទៀត ដែលទិញពីម្ចាស់ដើមដូចៗគ្នាផងដែរ។
លោក ហុង លីឈាង ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ មានរយៈពេលជាង២០ឆ្នាំ និងប្រពន្ធឈ្មោះ ហុង នី ស្នាក់នៅផ្ទះលេខ ២៥EO2 ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានទម្លាយរឿងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីគេរំលោភបំពានយកដីរបស់ខ្លួន ដែលទិញតាំងពីឆ្នាំ២០០៥ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវ តែមកដល់បច្ចុប្បន្នត្រូវស្ត្រីម្នាក់ រំលោភយកទាំងបំពានបើទោះបីលោកកំពុងប្ដឹងទៅតុលាការ ទាមទាររកយុត្តិធម៌ក៏ដោយ។
ការទម្លាយនេះរឿងនេះ គឺយោងលើលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីលេខ ៦៣៦/០៥ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៥ របស់ចៅសង្កាត់គោករកា និងលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី លេខ៦៥៤/០៥ ចុះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៥ របស់ចៅសង្កាត់គោករកា។
លោក ហុង លីឈាង បានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ឋបានទិញដីពីឈ្មោះ ផេង សុង ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ឋឈ្មោះ អ៊ឹង សៀកខេង អាយុ៤០ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ២១១ ក្រុម៨៧ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ ដែលមានទំហំ ១២ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ស្ថិតនៅក្នុង៥០ខ្នង ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥ ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវ។
លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៥ ពួកគាត់ពីរនាក់ប្តីប្រពន្ធបានទិញដីពីឈ្មោះខាងលើមួយឡូតិ៍ទៀត ដែលមានទំហំ ៦ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ដែលមានលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី ត្រឹមត្រូវដូចគ្នា។
លោក ហុង លីឈាង បានបន្តថា ក្រោយពីបានទិញរួចមក ម្ចាស់ដី មេភូមិ ចៅសង្កាត់ បានវាស់វែងបោះបង្គោលតាមព្រំដី ទុកជាចំណាំទៅថ្ងៃមុខ ហើយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានថែរក្សា និងកាន់កាប់ដីនេះរហូតពុំដែល មានបញ្ហាអ្វីនោះទេ (ដីនេះជាប្រភេទដីពុះឡូតិ៍លក់) ដោយពេលនោះអ្នកលក់បំបែកជាឡូតិ៍តូចៗ ដែលមាន ទំហំ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ តម្លៃ១៥០០ដុល្លារអាមេរិក ដោយមានលើកប៉ាណូដាក់លក់ធំៗ រយៈពេលប្រហែល៦ខែទៀតផង តែពេលនោះពុំមានអ្នកណាមកតវ៉ាថា ជាដីរបស់ខ្លួនឡើយ ទើបពួកគាត់សំរេចទិញ។
ស្រាប់តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ មានជនមួយក្រុមនិងបក្ខពួក ដោយមានក្រុមសន្តិសុខសង្កាត់ក្រាំងធ្នង់ មកអន្តរាគមន៍ដើរដកបង្គោលនៅលើដីនោះ ទាំងអស់ពេលនោះពួកគាត់បានប្តឹងចូល ទៅសាលា ខណ្ឌសែនសុខ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ដើម្បីទប់ស្តាត់ការដើរដកបង្គោលនេះ តែខាងខណ្ឌពុំបានហៅចូលដោះស្រាយឡើយ ដោយមិនសុខចិត្តក៏បានប្តឹងទៅសាលាក្រុងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ តែគេនៅតែពុំព្រមដោះស្រាយឱ្យ។
រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានឈ្មោះ ហេង សិទ្ធិសុធារី ភេទស្រី អាយុ៣០ឆ្នាំ បានមកព័ទ្ធរបងយកដីរបស់ពួកគាត់តែម្តង តែពេលនោះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៧ ពួកគាត់ និង ឈ្មោះសំ វេងស្រៀង ព្រមទាំងលោក រុន រ័ត្នវាសនា បានដាក់ពាក្យបណ្តឹងទៅសាលាខណ្ឌសែនសុខមិនឱ្យសាងសង់របងលើក្បាលដីក្នុងប្លង់លេខ ១២០៩០៧០៧.០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ ដើម្បីទុកដោះស្រាយគ្នាសិន។
ស្រាប់តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ លោកអភិបាលខណ្ឌសែនសុខ ឈ្មោះប៉ិល កុសល បានអនុញ្ញាតអោយឈ្មោះហេងសិទ្ធិសុធារី ធ្វើការសាងសង់ របងដែលមានកំពស់ ២ម៉ែត្រ ធ្វើអំពីឥដ្ឋបេតុងអាមេ។អំពើនេះ បានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ ពួកគាត់ទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។
ម្យ៉ាងវិញទៀតបើពិនិត្យទៅលើវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុលេខ ១២០៩០៧០៧.០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ របស់ឈ្មោះហេង សិទ្ធិសុធារី ស្ថិតនៅក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ជាក់ស្តែងទីនោះនៅក្នុងខណ្ឌសែនសុខ នោះទេ ហេតុអ្វីបានជាលោកអភិបាលខណ្ឌសែនសុខ អនុញ្ញាតអោយឈ្មោះហេង សិទ្ធិសុធារី សាងសង់លើដីរបស់ពួកគាត់ទៅវិញ ដែលពួកគាត់ទាំងអស់គ្នា បានកាន់កាប់និងគ្រប់គ្រងតាំងពីឆ្នាំ២០០៥ មកនោះ។
ក្រោយពីបានឃើញលិខិតបញ្ជាក់ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ឈ្មោះហេង សិទ្ធិសុធារី ទើបធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ គឺនៅក្នុងខណ្ឌពោធិ៍សែនជ័យ ពុំមែននៅក្នុងខណ្ឌសែនសុខទេ តែសព្វថ្ងៃដីនេះកំពុងមានទំនាស់នៅក្នុងខណ្ឌសែនសុខ។
លោក ហុង លីឈាង បានបន្តទៀតថា ដោយពុំមានការទប់ស្កាត់របស់ខណ្ឌសែនសុខ ពួកគាត់បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់មិនឱ្យឈ្មោះហេង សិទ្ធិសុធារី សាងសង់របងលើក្បាលដីដែលមានទំហំ ១៨ម៉ែត្រ គុណនឹង ២៤ម៉ែត្រ តែចៅក្រមឈ្មោះ ថាន់ ឡេង បានច្រានចោលពាក្យបណ្តឹងរបស់ពួកគាត់។
ចំណែកឈ្មោះហេង សិទ្ធិសុធារី ប្តឹងសុំធ្វើរបង បែរជាចៅក្រមថាន់ ឡេង អនុញ្ញាតតាមការស្នើសុំរបស់ឈ្មោះហេង សិទ្ធិសុធារី និងបង្គាប់ឱ្យរូបគាត់ ព្រមទាំងលោករុន រ័ត្នវាសនា ដកបង្គោលតាមព្រំដីទាំងអស់ ចេញពីដីទំនាស់នេះ ទុកសិទិ្ធឱ្យឈ្មោះហេង សិទ្ធិសុធារី សាងសង់បន្ត។ ការចេញសេចក្តីសម្រេចនេះ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ពួកគាត់យ៉ាងធ្ងន់ធ្ងរ ដែលដីនេះ ពួកគាត់បានទិញនិងមានលិខិតកាន់កាប់ត្រឹមត្រូវពីរដ្ឋអំណាចតាំងពីឆ្នាំ២០០៥ មក ។
ចំពោះរក្សាការសម្រេចនេះនេះ បច្ចុប្បន្នរូបលោក និងលោករុន រ័ត្នវាសនា កំពុងតែប្តឹងជំទាស់ ព្រមទាំងប្តឹងទៅតុលាការក្រុងដើម្បីរំលាយប័ណ្ណលេខ ១២០៩០៧០៧.០៣៩៣ និងលេខ ១២០៩០៧០៧.០៣៩៥ ចោល ដើម្បីសុំគ្រប់គ្រងដីរបស់ខ្លួនដោយស្របច្បាប់ឡើងវិញ។ ពាក់ព័ន្ធការអះអាងរបស់លោកក្រឡាបញ្ជីហុង លីឈាង ខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីស្ត្រីឈ្មោះហេង សិទ្ធសុធារី បានឡើយ តែតាមប្រភពខ្លះ បានបង្ហើបថា រឿងក្ដីនេះ អាចមានអ្នកមានអំណាច និងមានឥទ្ធិពលនៅពីក្រោយខ្នង ព្រោះបើមិនដូច្នេះទេ មិនមែនដីកំពុងស្ថិតនៅក្នុងការកាន់កាប់រស់នៅ និងគ្រប់គ្រងដោយម្ចាស់ទិញតាំងពីឆ្នាំ២០០៥ បែរជាអ្នកផ្សេងមកធ្វើប័ណ្ណកម្មសិទ្ធិ បាននៅឆ្នាំ២០១៦ ដោយគ្មានការប្ដឹងទាស់បែបនេះនោះទេ ព្រោះនីតិវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិ ត្រូវចុះវាស់វែង និងចេញលិខិតប្រកាសជាសាធារណៈយកទៅបិទនៅទីតាំងដីឬឃុំ សង្កាត់ដើម្បីទុកពេលអោយមានការប្ដឹងតវ៉ា តែនេះបែរជាអ្នកទិញដីមុន និងរស់នៅជាប់លាប់មិនដឹងទៅវិញ៕