(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនដែលតាដាប់បែលយូត្រេឌីង ដែលមានដីកម្មសិទ្ធិទំហ៊ំជាង១០០០ហិកតា មានទីតាំងនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នដី របស់ក្រុមហ៊ុនខាងលើនេះ ត្រូវបានឈ្មោះ នួន ច័ន្ទមករា សមាជិកភាគហ៊ុនដែលមានតែឈ្មោះក្លែងបន្លំឯកសារ ដើម្បីយកទៅលក់អោយ អ្នកដ៏ទៃនោះ បានធ្វើការអំពាវនាវ ដល់សាធារណជនកុំអោយទិញ និងពាក់ព័ន្ធជាមួយដីរបស់ក្រុមហ៊ុននេះអោយសោះ ជៀសវាងការបាត់បង់ផលប្រយោជន៍​ ទៅថ្ងៃក្រោយដោយសារតែដី ខាងលើកំពុងធ្វើការប្ដឹងផ្ដល់គ្នា នៅតុលាការមិនទាន់ចប់នៅឡើយ។

លោក រ៉ៃន័រ ម៉ារា វ៉ូនី ជាជនជាតិអាឡឺម៉ង់ ប្រធានក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនដែលតា ដាប់បែលយូត្រេឌីង ដែលមានទីលំនៅភូមិសាមគ្គី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុននេះ មានដីជាង១០០០ហិកតា បានមកពីការទិញពីប្រជាពលរដ្ឋ ដោយស្របច្បាប់ដើម្បីធ្វើការវិនិយោគលើវិស័យកសិកម្ម តាំងពីឆ្នាំ២០០៤មកនោះ បច្ចុប្បន្នកំពុងត្រូវបានអតីតភរិយា (អត់បានរៀបការ និងចុះសំបុត្រអាពាហ៏ពិពាហ៏តាមច្បាប់) ឃុបឃិតគ្នាក្លែងឯកសាររំលោភបំពានយក ដើម្បីលក់អោយទៅអ្នកដ៏ទៃទាំងដីខាងលើកំពុងស្ថិត នៅក្នុងការប្ដឹងផ្ដល់គ្នានៅតុលាការ មិនទាន់ចប់នៅឡើយផង។

លោករ៉ៃន័រ ដែលបានយកឯកសារ មកអោយអង្គភាពព័ត៌មាន Fresh News ជួយចុះផ្សាយដើម្បីស្វែងរកអន្តរាគមន៏បញ្ឈប់ សកម្មភាពរំលោភបំពានយកដី របស់ក្រុមហ៊ុនរបស់លោកពីសំណាក់ស្ត្រីឈ្មោះ នួន ច័ន្ទមករា អតីតភរិយាមិនបានរៀបការពេញច្បាប់ ដោយមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ខិលខូចមួយចំនួនទៀតនោះ បានរៀបរាប់អោយដឹងថា នៅឆ្នាំ២០០៤ លោកបានបង្កើតក្រុមហ៊ុន មានចុះបញ្ជិការត្រឹមត្រូវតាមច្បាប់ របស់ប្រទេសកម្ពុជាហើយធ្វើការប្រមូលទិញដី ពីប្រជាពលរដ្ឋដើម្បីធ្វើការវិនិយោគលើវិស័យកសិកម្ម តែដោយសារច្បាប់ប្រទេសកម្ពុជា មិនអនុញ្ញាតអោយវិនិយោគិនបរទេស កាន់កាប់ភាគហ៊ុន១០០% ដូចនេះ លោកក៏បានពឹងពាក់មិត្តភក្ដិជនជាតិខ្មែរមួយ ចំនួនអោយឈរឈ្មោះជាម្ចាស់ភាគហ៊ុន ដែលមានតែឈ្មោះដើម្បីបានចុះបញ្ជី បានដោយមានរូបលោកម្នាក់ និងជនជាតិខ្មែរ៣នាក់ទៀត។ ប៉ុន្តែជនជាតិខ្មែរ៣នាក់ ដែលឈរឈ្មោះភាគហ៊ុន តែមិនដាក់ទុននេះ បានធ្វើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនដោយសន្យាថា នឹងមិនទាមទារអ្វីឡើយ។

លុះដល់ឆ្នាំ២០១៣ ខ្លួនបានមានទំនាក់ទំនងស្នេហា ជាមួយស្ត្រីឈ្មោះ នួន ច័ន្ទមករា មានទីលំនៅភូមិ អង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយខ្លួនមានបំណងរៀបការស្របច្បាប់ តែច្បាប់របស់ប្រទេសកម្ពុជា មិនអនុញ្ញាតអោយខ្លួនរៀបការ ជាមួយស្ត្រីខ្មែរបានឡើយ ដោយសារលើសអាយុ គឺបានត្រឹមធ្វើពិធីភ្ជាប់ពាក្យប៉ុណ្ណោះ ហើយការរួមរស់ជាមួយគ្នា តាមបែបអនីតិសង្វាសនេះ លោក និងនាងមានកូនប្រុសម្នាក់ ឈ្មោះ អេម៉ាញូអ៊ែល ដែលបច្ចុប្បន្នមានអាយុជិត៤ឆ្នាំហើយ។

លោករ៉ៃន័រ បានបន្តថា ក្រោយមកដោយសារមានទំនុកចិត្ត លោកក៏បានព្រមព្រៀងគ្នា ជាមួយសមាជិកភាគហ៊ុនដ៏ទៃទៀត បញ្ចូលឈ្មោះ នួន ច័ន្ទមករា ទៅជាសមាជិកភាគហ៊ុន ដែលមានតែឈ្មោះ តែមិនបានដាក់ទុន ដោយផ្ទេរភាគហ៊ុនពីសមាជិកពីរនាក់ ពីមុនមកអោយទៅនាងធ្វើអោយម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុននេះមានសមាជិក៣នាក់ គឺលោកកាន់កាប់ភាគហ៊ុន៤៩% ឈ្មោះ សុខ សុភា កាន់កាប់ភាគហ៊ុន ១៧% និងឈ្មោះ នួន ច័ន្ទមករា កាន់កាប់ភាគហ៊ុន៣៤% ដែលជាភាគហ៊ុនខ្យល់(អត់ដាក់ទុន)។

លុះនៅខែវិច្ឆិកា ឆ្នាំ២០១៥ ស្រាប់តែឈ្មោះ នួន ច័ន្ទមករា នេះ បានបង្កើតចេតនា ទុច្ចរិតដោយលួចយកឯកសារច្បាប់ដើម របស់ក្រុមហ៊ុនរួមមានវិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន ត្រាក្រុមហ៊ុន លក្ខន្តិកៈ កិច្ចសន្យាអាជីវកម្មផ្សេងៗ ព្រមទាំងប្លង់ដីដោយយកទាំងប្លង់រឹង ប្លង់ទន់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រួមទាំងក្លែងឯកសារផ្សេងៗ ដោយមានការឃុបឃិតគ្នា ជាមួយមន្ត្រីមូលដ្ឋានតាំងពីភូមិ ឃុំ ស្រុកមួយចំនួនធ្វើការលក់ដីក្រុមហ៊ុន ដោយខុសច្បាប់តាមរយៈឯកសារក្លែងឯកសារកាត់តជាច្រើន ដែលដីនោះក្រុមហ៊ុនទិញតាំងពីឆ្នាំ២០០៤ ខណៈរូបនាងទើបតែមកពាក់ព័ន្ធ ជាមួយក្រុមហ៊ុននៅឆ្នាំ២០១៣ តែប៉ុណ្ណោះ។

ក្រោយមកលោកក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយសមត្ថកិច្ច និងតំណាងអយ្យការបានរកឃើញថា ឯកសារជាច្រើនដែលឈ្មោះ នួន ច័ន្ទមករា យកធ្វើជាសំអាងក្នុងការធ្វើជាតំណាងលក់ដី របស់ក្រុមហ៊ុន គឺបានមកពីការកាត់ត និងក្លែងទាំងស្រុង ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការធ្វើការចោទប្រកាន់ និងឃុំខ្លួនតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ចុងខែតុលា ឆ្នាំ២០១៧ ទើបសាលាឧទ្ទរណ៏ កាត់សំរេចអនុញ្ញាត អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការនៅឡើយ។

បច្ចុប្បន្ន ទោះបីស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ពិតមែនតែឈ្មោះនេះ នៅតែធ្វើសកម្មភាពប្រកាសលក់ដីក្រុមហ៊ុនដដែល ទោះបីជាដីខាងលើកំពុងស្ថិតនៅក្នុងបណ្ដឹង នៅតុលាការនៅឡើយ ក៏ដោយ។ ដូច្នេះហើយ ទើបលោករ៉ៃន័រ សូមធ្វើការអំពាវនាវដល់សាធារណជន កុំទិញដីដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន ហើយប្រកាសលក់ដោយឈ្មោះ នួន ច័ន្ទមករា អោយសោះ ជៀសវាងការខាតបង់ផលប្រយោជន៏នៅពេលក្រោយ។
ពាក់ព័ន្ធការអះអាងរបស់ លោក រ៉ៃន័រ ម៉ារាវ៉ូនី ខាងលើនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងជាមួយឈ្មោះ នួន ច័ន្ទមករា ដើម្បីសុំការបំភ្លឺបានឡើយ ដោយសារមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង។

ខាងក្រោមនេះជាលិខិតប្រកាសជាសាធារណៈរបស់សមាជិកភាគហ៊ុន នៃក្រុមហ៊ុនដែលតាដាប់បែលយូត្រេឌីង លែងទទួលស្គាល់ឈ្មោះ នួន ច័ន្ទមករា​ ជាសមាជិកភាគហ៊ុនតទៅទៀតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ៖

(រូបភាព)៖ លោករ៉ៃន័រ ម៉ារាវ៉ូលនី ពេលមកសុំអោយ Fresh News ជួយផ្សាយព័ត៌មាន និង ឈ្មោះ នួន ច័ន្ទមករា ដែលជាប់ចោទដោយសារជនជាតិអាឡឺម៉ង ប្ដឹងពីបទក្លែងឯកសារយកដីក្រុមហ៊ុនទៅលក់