(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងសាកលវិទ្យាល័យជើជាំងអក់ស៊ិន (Zhejiang Ocean) នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រីកចំណេះដឹងដល់និស្សិតកម្ពុជា ស្តីអំពីជីវៈចម្រុះក្នុងសមុទ្រ។
ថ្លែងនៅក្នុងពិធីនេះ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា Zhejiang Ocean គឺជាសាកលវិទ្យាល័យមួយដែលកំពុងផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាយ៉ាងច្រើន ដើម្បីសិក្សានៅប្រទេសចិន។ លោកបន្តថា ជើជាំង ជាសាកលវិទ្យាល័យល្បីនៅប្រទេសចិនផងដែរ ខាងមុខវិជ្ជាសមុទ្រ ក្នុងន័យនេះ ការចុះអនុស្សារណៈនៃការយោគយល់រវាងសាកលវិទ្យាល័យទាំងពីរ នឹងធ្វើឲ្យនិស្សិតកម្ពុជាមានចំណេះដឹងផ្នែកសមុទ្រកាន់តែខ្លាំង ទោះបីជា RUPP មិនមានមុខវិជ្ជាទាក់ទងនឹងសមុទ្រក៏ដោយ។
លោកសាកលវិទ្យាល័យធិការ បានឲ្យដឹងទៀតថា RUPP និង Zhejiang Ocean សន្យាថា នឹងជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលជំនាញ និងកិច្ចការស្រាវជ្រាវមុខវិជ្ជាសមុទ្រ ដល់និស្សិត និងសាស្រ្តចារ្យ ព្រមទាំងមានការផ្លាស់ប្តូរ និស្សិតទៅសិក្សានៅក្រៅប្រទេស និងនិស្សិតបរទេសមកសិក្សានៅកម្ពុជាផងដែរ។ លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ បានបើកជើងមេឃជំហរ ឲ្យសាស្រ្តចារ្យកម្ពុជា បានជួបជាមួយសាស្រ្តចារ្យបរទេស និងឲ្យនិស្សិតកម្ពុជា ជួបជាមួយនិស្សិតបរទេស។
ជាមួយគ្នានេះ លោក ចាង យៀនឡុង (Zhang Yuanlong) សាកលវិទ្យារងនៃសាកលវិទ្យាល័យជើជាំងអក់ស៊ិន បានឲ្យដឹងដែរថា មូលហេតុដែលសាកលវិទ្យាល័យលោក ចង់សហការជាមួយ RUPP ព្រោះសាកលវិទ្យាល័យនេះ មានឈ្មោះល្បីនៅកម្ពុជា ហើយក៏ជាសាកលវិទ្យាល័យដ៏ចំណាស់មួយនៅប្រទេសកម្ពុជាទៀតផង។ លោកបានបន្តថា កាលពីឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Zhaejiang Ocean និងបានជួបនិស្សិតខ្មែរដែលទទួលបានអាហាររូបករណ៍ កំពុងសិក្សានៅទីនោះយ៉ាងច្រើន ហើយនេះជាមូលហេតុដែលលោកចាប់ផ្តើម ចង់មានទំនាក់ទំនងស៊ីជម្រៅជាមួយសាកលវិទ្យាល័យនៅកម្ពុជា។
លោក ចាង យៀនឡុង បានបន្តទៀតថា ដោយមានការណែនាំពីក្រសួងការបរទេសរបស់កម្ពុជា ប្រាប់គាត់ថា បើចង់សហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា សូមមកទស្សនកិច្ចនៅសាកលវិទ្យាល័យ RUPP។ លោកថា នៅពេលដែលបានឃើញ សកម្មភាពរបស់សាកលវិទ្យាល័យ RUPP ក៏ដូចជាការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យនេះ មានភាពល្អប្រសើរ លោកក៏បានចាប់អារម្មណ៍ ហើយក៏ឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះតែម្តង ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាការផ្លាស់ប្តូរការសិក្សា ឲ្យគ្នាទៅវិញទៅមកផងដែរ។
ប្រមុខនៃសាកលវិទ្យាល័យទាំងពីរ បានសង្ឃឹមយ៉ាងមុតមាំថា MOU នេះ នឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អិតរមួត រវាងកម្ពុជា និងចិនផងដែរ ហើយនិស្សិត ក៏ដូចជាសាស្ត្រាចារ្យនៃប្រទេសទាំងពីរ នឹងបានចែករម្លឹកចំណេះដឹងដល់គ្នាទៅវិញទៅមក ឲ្យកាន់តែល្អប្រសើរថែមទៀត៕