(ភ្នំពេញ)៖ ពិធីផ្សព្វផ្សាយរបាយការណ៍អង្កេតចំនួនពីរស្តីពី «តម្រូវការជំនាញរបស់និយោជកសម្រាប់ឆ្នាំ២០១៧» និង«ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨» នេះនិងធ្វើឡើង នាថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៣៖៣០នាទីរសៀល នៅទីភ្នាក់ងារជាតិមុខរបរ និងការងារក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួម ពីភាគីពាក់ព័ន្ធមកពីគ្រឹះស្ថានឯកជន និងស្ថាប័នរដ្ឋមួយចំនួនទៀត។
នៅក្នុងគម្រោងស្តីពី «ការគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា» ដែលគាំទ្រថវិកា ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែត (SPES) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានធ្វើការអង្កេត និងប្រមូលទិន្នន័យស្តីពីតម្រូវការជំនាញរបស់និយោជក ក្នុងឆ្នាំ២០១៧ និងទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ដើម្បីធ្វើការវិភាគទៅលើស្ថានភាពទីផ្សារការងារនៅកម្ពុជា ពិសេសភាពមិនស៊ីគ្នានៃជំនាញ ការព្យាករណ៍ពីតម្រូវការជំនាញ តាមប្រភេទនៃមុខរបរ និងវិស័យការងារ។
ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ ដល់ស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សិស្ស-និស្សិត និងសាធារណជនទូទៅ NEA នឹងរៀបចំ ធ្វើពិធីផ្សព្វផ្សាយជាផ្លូវការ នូវរបាយការណ៍លទ្ធផលអង្កេតទាំងពីរខាងលើ។
នៅក្នុងពិធីនោះផងដែរ ក៏មានការធ្វើបទបង្ហាញពី លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ អំពីរបកគំហើញនូវរបាយការណ៍អង្កេតស្តីពី ១- «តម្រូវការជំនាញរបស់និយោជក សម្រាប់ឆ្នាំ២០១៧» ២-«ទស្សនវិស័យការងារកម្ពុជា ឆ្នាំ២០១៨» ដែលក្រុមការងារបានសិក្សា និងរកឃើញកន្លងមក ៕