(ភ្នំពេញ)៖ គណ:កម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី២ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ បានចូលរួមពិធីក្រុងពាលី នៅពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី២៥ ខែឧសភាខាងមុខ។ ពិធីតាមទំនៀមទម្លាប់ព្រះពុន្ធសាសនា បានធ្វើឡើងក្រោមវត្តមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមទាំងមន្រ្តីក្រោមឱវាទ ព្រឹទ្ធាចារ្យកីឡា និងតំណាងសហព័ន្ធកីឡាជាតិជាច្រើនទៀត។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដោយមានកីឡាសរុប ២៧ប្រភេទ ស្មើនឹង ២៧២វិញ្ញាសា ត្រូវបានកំណត់ដាក់ឲ្យប្រកួត ក្នុងគោលបំណងវាស់ស្ទង់គុនភាពកីឡា តាមប្រភេទកីឡានីមួយៗ ក៏ដូចជាការហ្វឹកហ្វឺនរបស់មន្ដ្រីរៀបចំការប្រកួត មន្ដ្រីអាជ្ញាកណ្ដាល និងចៅក្រម ក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ចំពោះទីកន្លែងប្រកួត សម្រាប់រាជធានីភ្នំពេញ គឺផ្ដោតលើការប្រើប្រាស់ទីលានក្នុងពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ។ រីឯការប្រកួតតាមខេត្ត រួមមានខេត្តកែប, ខេត្តកំពត និងខេត្តកំពង់ធំជាដើម។
ចំពោះពិធីបើក និងពិធីបិទ នឹងមានរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើន ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍កីឡា ២ឆ្នាំម្តងនេះ រួមមានការសម្ដែងចលនាកាយសមស្របរបស់ក្រុមយុវជន និងក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បៈបាញ់កាំជ្រួចដ៏កម្រ រួមទាំងវត្តមានរបស់កំពូលតារាងចម្រៀងល្បីៗប្រចាំកម្ពុជា ៣រូប ដូចជាលោក ព្រាប សុវត្ថិ និងកញ្ញា មាស សុខសោភា ក៏នឹងលើកយកបទចម្រៀងជាពិសេសពាក់ព័ន្ធនឹងកីឡាជាតិ ដើម្បីច្រៀងអបអរសាទរនាឱកាសដ៏អធិកអធមនោះផងដែរ។
គួរបញ្ជាក់ថា ពិធីបើក និងពិធីបិទ នឹងឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ហើយអ្វីដែលពិសេស គឺការទទួលបាននូវការព្រះរាជនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោឧត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះអង្គនឹងព្រះរាជទានភ្លើងគប់អាទិទេព ដើម្បីដង្ហែពីព្រះបរមរាជវាំងមកពហុកីឡដ្ឋានជាតិ ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាជាតិជាផ្លូវការទៀតផង៕