(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ចំនួន១៥ ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន១៩១គ្រួសារ (ស្មើនឹងមនុស្ស ៨៩៣នាក់) និងផ្តល់អំណោយជូនដល់ ចាស់ឥតទីពឹង ជនពិការ ស្ត្រីមានផ្ទៃពោះជួបការលំបាកចំនួន៦៣គ្រួសារ រស់នៅឃុំព្រៃវិហារ និងឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីសុខុមាលភាពមនុស្សវ័យចាស់ ជូនលោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្តាំផ្ញើឱ្យបរិភោគអាហារមានអនាម័យ ទឹកដាំពុះ ឬច្រោះស្អាតល្អ ជៀងវាងការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ដែលជាហេតុបង្កឱ្យមានអំពើហិង្សាឬបទល្មើសផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់ខ្លួន។ ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋបន្តខិតខំដាំដំណាំ បន្លែ ដោយប្រើប្រាស់ជីធម្មជាតិ ជៀសវាងថ្នាំគីមីលើសកម្រិត និងចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ប្រជាពលរដ្ឋទាំងអស់ បានសម្ដែងនូវក្តីរំភើបរីករាយ ដោយបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់ គិតគូរ ជួយដោះស្រាយបញ្ហា និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
ចំពោះប្រជាពលរដ្ឋចំនួន៦៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកា ២០,០០០រៀល។ ដោយឡែក លោកយាយលោកតា ប្រមាណ១១០នាក់ ដែលចូលរួមក្នុងពិធីសម្ពោធអណ្តូង ក៏ទទួលបានសារុងម្នាក់ៗមួយ ជាអនុស្សាវរីយ៍ផងដែរ៕