(ភ្នំពេញ)៖ សម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សា សាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬអ្នកមានការងារហើយចង់ផ្លាស់ប្តូរការងារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះក្រុមហ៊ុនចំនួន៤ ក្នុងនោះមានក្រុមហ៊ុន Global House ធនាគារ AEON ក្រុមហ៊ុន Sonin និងក្រុមហ៊ុន EFG នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារ ចំនួនប្រមាណ៤១១កន្លែង។ វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។

វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្លាយជាកន្លែងដែលប្រមូលផ្តុំដោយឱកាស ការងារ និងព័ត៌មានជ្រើសរើសបុគ្គលិក ដ៏ទូលំទូលាយតាមរយៈកំណើននៃក្រុមហ៊ុន/សហគ្រាសនានា ដែលមកប្រើប្រាស់សេវាជ្រើសរើសបុគ្គលិករបស់រដ្ឋមួយនេះ។ ជាក់ស្តែង ក្នុងខែឧសភា ឆ្នាំ២០១៨ នេះ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ រៀបចំកម្មវិធីវេទិកាការងារ និងកិច្ចសម្ភាសការងារដល់ទៅ៤ដង ដែលនាំយកឱកាសការងារជាង ២,២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួន២២ ក្រុមហ៊ុន។

វេទិកាការងារនេះ ជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ឬចង់ទទួលបានបទពិសោធន៍ស្វែងរកការងារពីអ្នកជំនាញ អាចមកចូលរួមដោយសេរី នៅក្នុងវេទិកាការងារនេះបានដែលនឹងប្រព្រឹត្តិទៅ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕