(ក្រចេះ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅទី២២ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ បានសហការជាមួយអាជ្ញាធរខេត្តក្រចេះ រៀបចំ «វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តក្រចេះ ដែលជាខេត្តទី២៥ នៃបេសកកម្មរបស់ខ្លួន ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនេះ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
វេទិកាសន្ទនានេះ បានបង្កបរិយាកាសស្និទ្ធស្នាលសម្រាប់ វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការសង្គមស៊ីវិល ក្នុងការពិភាក្សាពិគ្រោះយោបល់គ្នា ដោយត្រង់ទៅត្រង់មក ដោយបានលើកយកនូវបញ្ហាប្រឈមដែលកំពុងកើតមានជាក់ស្តែង នៅក្នុងមូលដ្ឋានក្នុងខេត្តក្រចេះ ព្រមទាំងសំណូមពរមួយចំនួនផងដែរ។
អង្គវេទិកាបានពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើនិងសហគមន៍នេសាទ ក្នុងចំណោមបញ្ហាប្រឈមមួយចំនួនផ្សេងទៀត។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងកិច្ចសន្ទនានេះផ្ទាល់តែម្តង។ ចំពោះបញ្ហាប្រឈម និងសំណូពរមួយចំនួន ដែលនៅសេសសល់ត្រូវបានលើកយកទៅពិភាក្សាលម្អិតជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយ។
រាជរដ្ឋាភិបាលតែងផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ នាពេលកន្លងមក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ វ.ស.ស. ជាវេទិកាសម្របសម្រួលដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលសំដៅជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត៕