(កំពង់ស្ពឺ)៖ ជាថ្មីម្ដងទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។
ការអំពាវនាវជាថ្មីរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានហៅការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ពីសំណាក់បុគ្គលអគតិមួយចំនួនតូច គឺជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែលសម្ដេចចាត់ទុកការអំពាវនាវដោយអគតិនោះគ្មានប្រសិទ្ធភាពនោះទេ ព្រោះពលរដ្ឋកម្ពុជាយល់ច្បាស់ណាស់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយៗត្រូវចាំថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នៅសល់តែជាង២ខែទៀតតែប៉ុណ្ណោះ ការបោះឆ្នោតមួយនឹងមកដល់ សង្ឃឹមថាក្មួយៗរួមជាមួយ ឪពុកម្ដាយ និងក្រុមគ្រួសារ ទៅចូលរួមការបោះឆ្នោត ព្រោះនេះជាការប្រើសិទ្ធិក្នុងរយៈពេល៥ឆ្នាំម្ដង មិនគប្បីត្រូវបានបោះឆ្នោតចោលសិទ្ធិមួយនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ដ ហើយអ្នកខ្លះអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត គឺបំពានលើសិទ្ធិ»។
សម្ដេចគូសបញ្ជាក់ថា កាតព្វកិច្ចនៃការទៅបោះឆ្នោតនេះជ្រើសរើសមេដឹកនាំនេះ ប្រសិនបើនៅប្រទេសអូស្ដ្រាលីវិញ គឺប្រជាពលរដ្ឋប្រឈមនឹងទោសទណ្ឌទៀតផង ដោយធ្វើការផាកពិន័យទៅតាមច្បាប់ ដែលបានកំណត់ដោយឡែក តែប្រទេសកម្ពុជាគឺជាការប្រើប្រាស់សិទ្ធិ។
បន្ថែមពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានរំលឹកដល់កម្មករ កម្មការិនីទាំងអស់ ត្រូវតែចូលរួមថែរក្សាសុខ សន្ដិភាព ធានាការអភិវឌ្ឍន៍បន្ដ ហើយដើម្បីរក្សាសុខសន្ដិភាព ការអភិវឌ្ឍន៍ និងការងារដែលកំពុងមានសព្វនោះ មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះទើបអាចរក្សាបាន។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី សង្ឃឹមយ៉ាងជឿជាក់ថា ចំនួនប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅថ្ងៃខាងមុខ នឹងមានចំនួនច្រើនជាក់ជាមិនខានឡើយ ខណៈដែលសមាជិកគណបក្សប្រជាជនកម្ពុជា មានជាង៥លាននាក់ រួចស្រេចទៅហើយ ក្នុងចំណោមជាង៨លាននាក់ ដែលបានចុះឈ្មោះបោះឆ្នោត៕