(ភ្នំពេញ)៖ អតីតនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លោក កៃ គឹមសុង បានចាប់ផ្តើមការងារថ្មីរបស់ខ្លួនជាមួយកាសែតផ្សាយជាភាសាអង់គ្លេស «Khmer Time» នៅថ្ងៃនេះ ក្នុងតួនាទីជានាយកគ្រប់គ្រង (COO)។

លោក កៃ គឹមសុង អ្នកដែលបានប្រឡូកក្នុងវិស័យព័ត៌មានជិត ២០ឆ្នាំមកហើយនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកចាប់ផ្តើមការងារជាមួយ «Khmer Time» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះហើយ ក្នុងតួនាទីជា COO ដូចជានាយកគ្រប់គ្រង។

អ្នកព័ត៌មានជើងចាស់រូបនេះ ក៏បានឲ្យដឹងថា លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងនៅក្នុងកាសែតផ្សាយជាភាសាបរទេសមួយនេះ ហើយក៏មានតួនាទីជាទីប្រឹក្សា ផ្តល់យោបល់ផ្សេងៗ ព្រមទាំងគ្រប់គ្រងការងារទូទៅនៅក្នុងស្ថាប័នព័ត៌មាន ដែលមានថៅកែជាជនជាតិម៉ាឡេស៊ីមួយនេះផងដែរ។

សូមបញ្ជាក់ថា លោក កៃ គឹមសុង ត្រូវបានថៅកែក្រុមហ៊ុន​ថ្មីនៃក្រុមហ៊ុន Post Media (The Phnom Penh Post) បញ្ឈប់ការងារនៅដើមខែឧសភា ឆ្នាំ២០១៨នេះ ដោយសារការផ្សព្វផ្សាយអត្ថបទទាក់ទង​ការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់ទាំងកាសែតភ្នំពេញប៉ុស្តិ៍ អតីតកន្លែងការងារចាស់ និងកាសែត «Khmer Time» កន្លែងការងារថ្មីរបស់លោក កៃ គឹមសុង គឺមានថៅកែសុទ្ធតែជាជនជាតិម៉ាឡេស៊ី៕