(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកនេះបានសង្កត់ធ្ងន់ៗថា ក្រសួងនឹងចាត់វិធានការ លើក្រុមហ៊ុនរុករករ៉ែទាំងឡាយណាដែលមិនបានអនុវត្ត ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ដែលបានកំណត់ និងមិនមានការអត់ឱនឱ្យជាដាច់ខាត។
លោក ស៊ុយ សែម បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោករួមជាមួយក្រុមការងារជំនាញក្រសួង បានបើកកិច្ចជាមួយតំណាងក្រុមហ៊ុន ឯកជនចំនួន២៥ ដែលវិយោគលើវិស័យរុករករ៉ែ នៅសាលប្រជុំអគ្គនាយកដ្ឋានប្រេងកាត រាជធានីភ្នំពេញ។
លោក ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះថា «ពីថ្ងៃនេះបើមានក្រុមហ៊ុនណា អនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌដែលកំណត់ក្នុងប្រកាស ឬក៏រំលោភច្បាប់រ៉ែ ឬក៏រំលោភអនុក្រឹត្យ យើងខ្ញុំមិនអត់ឱនឱ្យនោះទេ គឺត្រូវតែអនុវត្តច្បាប់ ទោះបីជាខុសម្តង ក៏មិនអត់ឱនឱ្យនោះដែរ ព្រោះបាននិយាយគ្នាហើយ សុំធ្វើឱ្យត្រឹមត្រូវបើធ្វើមិនត្រឹមត្រូវ យើងមិនអត់ឱនឱ្យនោះទេ»។
លោក ស៊ុយ សែម បានបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែមួយចំនួន បានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌ និងមានក្រុមហ៊ុនខ្លះអនុវត្តមិនបានត្រឹមត្រូវតាមលក្ខខណ្ឌ។ សូមឱ្យក្រុមហ៊ុនទាំងអស់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ។ ការងារពាក់ព័ន្ធបរិស្ថាន គឺជាការងារសំខាន់ កុំឱ្យប៉ះពាល់បរិស្ថាន និងនាំអន្តរាយដល់ប្រជាពលរដ្ឋ។ កាកសំណល់មានជាតិពុល ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ។
ការព្រមានរបស់លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងបន្ទាប់ពីមានករណីពុលពុលស្រា និងពុលទឹកនៅឃុំកន្ទូត ស្រុកឆ្លូង ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨ បណ្ដាលឲ្យអ្នកភូមិស្លាប់ចំនួន១៣នាក់ និងធ្លាក់ខ្លួនឈឺជិត៣០០នាក់។
ករណីនេះ លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា បានកើតឡើងជាតិមេតាណុល នៅក្នុងស្រា និង ចេញពីអាជីវកម្មរុករករ៉ែមាស នៅប៉ែកខាងលើព្រែកទេរ ព្រំប្រទល់រវាងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដោយមានសារធាតុម្យ៉ាង គឺ «ហ្សានីត»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឲ្យដឹងថា ករណីពុលស្លាប់ប្រជាពលរដ្ឋស្លាប់ និងធ្លាក់ខ្លួនឈឺក្នុងខេត្តក្រចេះ ជាច្រើននាក់នេះ ពុំមានពាក់ព័ន្ធទៅនឹងសារធាតុស្យានីដនោះទេ។
សូមបញ្ជាក់ថា ប្រតិភូ និងមន្ដ្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយប្រតិភូរបស់ក្រសួងបរិស្ថាន នៅសប្ដាហ៍ក្រោយនេះ នឹងធ្វើដំណើរម្ដងទៀត ឆ្ពោះទៅកាន់តំបន់ចុងផ្លាស់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចំពោះសកម្មភាពអាជីវកម្ម និងសិប្បកម្មធ្វើរ៉ែមាស ព្រមទាំងបន្តយន្ដការដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋក្នុងសហគមន៍ជាង៨០០គ្រួសារ ជាមួយក្រុមហ៊ុនចិនឈ្មោះ «រ៉ុង ឆេង» ដែលពលរដ្ឋផ្ទុះការតវ៉ាកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើយោងតាមការបញ្ជាក់របស់ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៕