(បាត់ដំបង)៖ តបតាមការអញ្ជើញ របស់នាយកគ្រប់គ្រង អនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង, លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួម ជាវាលគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពី ទីផ្សាររវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម។
កិច្ចពិភាក្សាខាងលើនេះ មានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងសហការី, លោក ហែម ចន្ធូ តំណាងជាន់ខ្ពស់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងសហការី, លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង, លោកឧកញ៉ា ឈរ ម៉ារឹទ្ធិ អគ្គនាយកក្រុមហ៊ុន Good Ways Agri, តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធ និងតំណាងមកពីសហគមន៍ កសិកម្មចំនួន៨៩ ក្នុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងទាំងមូល ដែលមានសមាជិកសរុបប្រមាណ១១,៨៤៩នាក់ ក្នុងនោះស្រី៦,៦១៨នាក់។
តាមរយៈនៃកិច្ចពិភាក្សានេះ គឺមានគោលបំណង និងគោលដៅ រួមមាន៖
១៖ ធ្វើការផ្សព្វផ្សាយពីការសម្រេចបាន នៃការអនុវត្តគម្រោងជំរុញការផលិតកម្មស្រូវ ក្នុងខេត្តបាត់ដំបង និងលើកកំពស់ផលិតផលកសិកម្ម
២៖ សម្របសម្រួលការងារអាជីវកម្ម និងផ្សារភ្ជាប់រវាងអាជីវករម៉ាស៊ីនស្រូវ ជាមួយនិងសហគមន៍កសិកម្ម នៅក្នុងខេត្តបាត់ដំបងទាំងមូល
៣៖ ចូលរួមប្រឹក្សាយោបល់ និងពិភាក្សាតាមេយៈបទបង្ហាញពីតំណាងសហគមន៍ ពីតំណាងក្រុមហ៊ុន លើផ្នែកអាជីវកម្ម និងផ្តល់ព័ត៌មាន អំពីទីផ្សារពីក្រុមអាជីវកម្មខ្នាតធំ ដែលមានបទ ពិសោធន៍លើការផលិត និងការចំណាយផលិត
៤៖ តភ្ជាប់ទំនាក់ទំនងអាជីវកម្ម និងក្រុមសហគមន៍កសិកម្ម ក្នុងមូលដ្ឋានដើម្បីពង្រឹងការអភិវឌ្ឍន៍ ក្នុងនោះអំពីផលិតកម្មស្រូវ ការដាំបន្លែ និងអំពីបញ្ហាទីផ្សា និងតំលៃ ជាពិសេសអំពីកម្ចី ឥណទានដែល នៅតែជាបញ្ហាសម្រាប់បងប្អូនសហគមន៍។
ជាការឆ្លើយតបទៅនឹងវត្ថុបំណង នៃកិច្ចពិភាក្សាលោក កៅ ថាច បានលើកឡើងអំពី ចំនួន៣ ចំណុចធំៗ រួមមាន៖
១៖ អំពីបញ្ហាទីផ្សារ៖ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំដោះស្រាយជូនបានដោយជោគជ័យ និងទប់ស្កាត់ បាននូវបញ្ហាធ្លាក់ចុះ នៃតំលៃស្រូវក្រោមទីផ្សារ តាមរយៈយន្តការនៃការផ្តល់ឥណទាន ពិសេសដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនោះការទំលាក់កញ្ចប់ថវិកា ឥណទានពិសេស ដើម្បីសាង់សង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវចំនួន៣,០០០តោន ក្នុងមួយថ្ងៃស្ថិតនៅក្នុង ខេត្តបាត់ដំបង ដែលមានសមត្ថភាពស្រូបទាញស្រូវ ពីប្រជាកសិករជុំវិញតំបន់បាន ។
ដោយឡែកគម្រោងនេះ បានផ្តល់ជូន និងកំពុងសាងសង់ឃ្លាំងស្តុក ស្រូវ៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោន/ថ្ងៃ នៅតំបន់ខេត្តកំពង់ធំ ព្រៃវែង និងតាកែវ។
បន្ថែមពីរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ឥណទានពិសេស ដល់រោងម៉ាស៊ីកិនស្រូវ និងក្រុមហ៊ុននាំចេញ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតំលៃទីផ្សារ ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ ដើរតួរធ្វើជាប្រតិបត្តិករ ក្នុងការអនុវត្តឥណទានពិសេសនេះ។
២៖ អំពីការចងក្រងសហគមន៍កសិកម្ម៖ លោក កៅ ថាច បន្តស្នើសុំ និងលើកទឹកចិត្តដល់បងប្អូន ចងក្រងសហគមន៍កសិកម្ម និងពង្រីកសមាជិកភាពឲ្យបានច្រើន។ ក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ រង់ចាំជួយក្នុងការផ្តល់ឥណទាន និងជំនួយបច្ចេកទេស ជូនដល់សហគមន៍ ដើម្បីមានលទ្ធភាពក្នុងការពង្រីកសកម្មភាព និងលើកកំពស់ផលិតកម្មផលិត។
៣៖ បញ្ហាកម្ចីឥណទាន៖ តាមរយៈអន្តរាគមន៍ របស់រាជរដ្ឋាភិបាលតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរួចរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញ ស្រូវពីកសិករតាមទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ។ ក្នុងនោះ ធនាគារបានដាក់ចេញនូវគោលការណ៍ ក្នុងការផ្តល់ឥណទាន សម្រាប់សហគមន៍កសិកម្មផងដែរ។
តាមរយៈយន្តការណ៍នេះ អត្រាការប្រាក់ត្រូវបានសិក្សា និងទំលាក់ទៅតាមស្ថានភាពទីផ្សារ និងលើកទឹកចិត្តដល់ការចងក្រង ពង្រីកសហគមន៍តាមរយៈខ្សែចង្វាក់ផលិតកម្ម។ បន្ថែម លើនេះ ក្រៅពីការផលិតស្រូវ លោក កៅ ថាច បន្តលើកទឹកចិត្ត ដល់សហគមន៍ចងក្រងក្នុងការចញ្ចឹមសត្វ ជាពិសេសការដាំដុះបន្លែដោយមិនប្រើប្រាស់ជីគីមី ព្រោះបច្ចុប្បន្ន មានការដាំដុះ និងនាំចូលបន្លែគ្មានប្រភពធ្វើអោយប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ រូបនេះ ក៏បានបានផ្តាំផ្ញើជូនដល់សហគមន៍កសិកម្មថា លោកក្នុងនាម ធនាគារនឹងបន្តប្តេជ្ញា ជួយដល់បងប្អូនតាមរយៈ ការផ្តល់ឥណទាន និងជួយរិះរកវិធីការតភ្ជាប់ ផលិតរបស់សហគមន៍ទៅទីផ្សារ៕