(ភ្នំពេញ)៖ លោកនាយចំណង់ ធុន រាជ នាយទាហានរង នៅអង្គភាពកងពលតូចលេខ៧០ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចលេខ៧០បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះថា បន្ទាប់ពីបានទទួលព័ត៌មានថា មានទាហាននៅអង្គភាព ង៧០ បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៨ ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាឲ្យអង្គភាពស្រាវជ្រាវ និងបានឲ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីដើម្បីចាត់ការតាមនិតិវិធី។
ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ក្នុងនាមលោកជាមេបញ្ជាការកងពល មិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទទេ។
លោកនាយចំណង់ ធុន រាជ កំពុងត្រូវបានសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕