(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ បានសហការជាមួយ គម្រោងលេខ ៤៧ របស់សហគមន៍អុឺរ៉ុប រៀបចំសិក្ខាសាលាមួយ នៅកម្ពុជា ស្តីពីការត្រួតពិនិត្យពាណិជ្ជកម្មជាយុត្តិសាស្ត្រសម្រាប់ មន្ត្រីគយ និង ភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលមានទីតាំង ក្នុង ក្រសួងការពារជាតិ រយៈពេល៤ថ្ងៃ ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមបើកដោយ ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី លោកស្រីឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី លោក Egert Walter តំណាងសហគមន៍អុឺរ៉ុប លោក Mohamed Shahabar តំណាងអ្នកអនុវត្តគម្រោង តំណាងមកពីអង្គភាពពិសេសប្រឆាំងភេរវកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងមកពីកាំកុងត្រូល រួមជាមួយ តំណាងស្ថាប័នជាតិ អន្តរជាតិ សរុបចំនួន៤០នាក់។
សិក្ខាសាលា ត្រូវបានរៀបចំឡើង ក្រោមជំនួយឧបត្ថម្ភដោយ សហគមអ៊ឺរ៉ុប ដើប្បីបណ្តុះបណ្តាល មន្រ្តីគយ និង មន្រ្តី កាំកុងត្រូលសរុប៣២នាក់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងបង្កើនសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគយ និងកាំកុងត្រូល និងមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
សិក្ខាសាលានេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ធ្វើការពិនិត្យឡើងវិញ ពីស្ថានភាពបច្ចុប្បន្នការអនុវត្តច្បាប់អនុវត្ត ត្រួតពិនិត្យពាណិជ្ជកម្មជាយុត្តិសាស្រ្ត សម្រាប់គយ ភ្នាក់ងារអនុវត្ត ដទៃទៀត កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា ជាឲ្យមានប្រសិទ្ធភាពខ្ពស់៕