(បាត់ដំបង)៖ ដើម្បីលើកស្ទួយប្រាក់រៀល ឲ្យកាន់តែមានសន្ទុះខ្លាំងឡើង លោក ជា ចាន់តូ ទេសាភិបាលធនាគារនៃកម្ពុជា បានរំលឹកដល់​បុគ្គលិក​ធនាគារជាតិទាំងអស់ ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ជូនដល់សាធារណៈជន ឲ្យអស់ពីកំលាំងកាយចិត្ត។

ការក្រើនរំលឹករបស់ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាធនាគារជាតិ​សាខា​ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

លោក ជា ចាន់តូ បានឲ្យដឹងថា ដើម្បីឲ្យស្ថាប័នធនាគារជាតិ និងប្រាក់រៀលមានស្ថេរភាពរឹងមាំ ក្នុងនាមជាមន្ត្រីធនាគារជាតិ ត្រូវតែខំប្រឹងប្រែងពង្រឹងស្ថាប័នមួយនេះឲ្យកាន់តែរឹងមាំ និងធ្វើយ៉ាងណាឲ្យទទួលបានការជឿជាក់ពីប្រជាជន និងសាធារណៈជនមកលើប្រាក់រៀល កាន់តែខ្លាំងឡើងៗ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ សូមមន្ត្រីម្នាក់ៗត្រូវមានសមត្ថភាព និងមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ ក៏ដូចជាសាមគ្គីភាព​គ្នា​ឲ្យបានល្អប្រសើរឡើង។

លោកទេសាភិបាល បានបន្ដទៀតថា សង្គមជាតិ និងប្រជាជនកម្ពុជា មានការរីកចម្រើនដូចពេលនេះ អាស្រ័យប្រទេសមានសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានពុះពាររាល់ឧបសគ្គ ក្នុងការការពារជាតិមាតុភូមិឲ្យ​បានរីកចម្រើនដូចបច្ចុប្បន្ននេះ។

ក្នុងនោះដែរលោក ជា ចាន់តូ បានក្រើនរំលឹកដល់មន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជា ទាំងអស់សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បី ជ្រើសរើសអ្នកនាំដែលបានផ្ដល់សេចក្ដីសុខ និងការរីកចម្រើនដូចសព្វថ្ងៃឲ្យបន្តដឹកនាំប្រទេសតទៀត៕