សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យចំណីអាហារដាក់លក់ នៅតាមស្តង់តាំងពិពណ៌ថៃ
23-05-2018 12:17
(ស្ទឹងត្រែង)៖ ចំណីអាហារដែលបានដាក់លក់ នៅតាមស្តង់ពិពណ៌ថៃជាច្រើនមុខ ត្រូវបានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យរកសារធាតុគីមី និងទំនិញហួសថ្ងៃខែផុតកំណត់ ដើម្បីការពារផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។
ការត្រួតពិនិត្យ ចំណីអាហារដាក់លក់ នៅតាមស្តង់តាំងពិពណ៌ថៃ ខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្បែរមាត់ទន្លេសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីកាំកុងត្រូល បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យចំណីអាហារខាងលើ មានដូចជា ប្រហិតសាច់គោ សាច់ជូ្រក និងទំនិញផ្សេងៗជាច្រើនមុខទៀត តែពុំមានអ្វីគួរចាប់អារម្មណ៍ នោះទេ ហើយទំនិញទាំងនោះ សុទ្ធតែនៅមានគុណភាព បន្តលក់បានដោយមិនមានផលប៉ះពាល់ អ្វីនោះឡើយ។
មន្ត្រីកាំកុងត្រូល បានលើកឡើងថា ដោយសារតែមានប្រជាពលរដ្ឋភាគច្រើន សម្បូរទៅដោយអ្នកចេះមើលថ្ងៃខែផុតកំណត់ ទើបអាជីវករមិនបានទិញយក ទៅលក់បន្តទៀតទេ ។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ចជំនាញ មិនបានឃើញទំនិញ ឬចំនីអាហារសមត្ថកិច្ច មិនបានរកឃើញសារធាតុគីមី និងទំនិញហួសគុណភាពនោះទេ។