(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរមណីយដ្ឋានទេសចរណ៍សរុបជិត៤០០កន្លែង ដែលត្រូវបានចុះបញ្ជីផ្លូវការ ដោយមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៥៦កន្លែង ព្រមជាមួយកន្លែងមានសក្តានុពលទាក់ទាញទេសចរជាច្រើនទៀត ដែលបាននិងកំពុងរៀបចំទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនៅទូទាំងប្រទេស។
លោក ជា បូរ៉ា បញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ អមជាមួយចលនាប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
លោកបានឲ្យដឹងដែរថា អង្គការទេសចរណ៍ពិភពលោក បានកត់សម្គាល់នូវនិន្នាការទេសចរណ៍ពិភពលោក រួមមានដូចជា៖
* ភ្ញៀវទេសចរងាកមកចាប់អារម្មណ៍នូវដំណើរកម្សាន្តផ្សងព្រេង ដែលមានការរៀបចំច្បាស់លាស់ (Curated Adventure) ជាងការផ្សងព្រេងបែបធម្មជាតិ។
* ការថតរូបចល័ត ដោយប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងចែករំលែកជាមួយមនុស្សជុំវិញខ្លួន ដោយប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook, Tweeter, Line, Snapchat ជាដើម ដែលជំរុញឲ្យពួកគេធ្វើដំណើរទៅរករមណីយដ្ឋានទេសចរណ៍ថ្មីៗ។
* ការដើរកម្សាន្តម្នាក់ឯង តែមិនមែនជាទេសចរណ៍បែបសំពាយ ដើម្បីស្វែងយល់ និងស្វែងរកគោលដៅទេសចរណ៍ថ្មីៗ បំពេញបំណងប្រាថ្នារបស់ខ្លួនឯង។
* ការរៀបចំកន្លែងស្នាក់នៅប្រកបដោយភាពកក់ក្តៅមានផាសុកភាពតែ មិនចំណាយច្រើន និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដូចជាការរចនាដោយមិនប្រើម៉ាស៊ីនត្រជាក់ តែមានខ្យល់ចេញចូលគ្រប់គ្រាន់។
* ការជំរុញការប្រើប្រាស់កសិកម្មខ្នាតតូចបែបបរិស្ថាន ដូចជាការដាំដើមឈើឲ្យបានច្រើននៅក្នុងរមណីយដ្ឋាន ការដាំផ្កា បន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរជាដើម។
ដោយសារការសង្កេតឃើញនិន្នាការទេសចរណ៍ដូច្នេះហើយ ទើបលោក ជា បូរ៉ា បានជំរុញឲ្យភាគីពាក់ព័ន្ធ ពិសេសកម្លាំងសមត្ថកិច្ច ត្រូវធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព និងភាពពេញចិត្តជាអតិបរមាជូនភ្ញៀវទេសចរទាំងនោះ។
លោករដ្ឋលេខាធិការបានបន្តថា កំណើននៃវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្តាច់បានពីអន្តរទំនាក់ទំនងរវាងវិស័យទេសចរណ៍ វប្បធម៌ និងបរិស្ថាន ដែលជាប្រភពសក្តានុពលដ៏ទាក់ទាញសម្រាប់ទេសចរណ៍កម្ពុជា ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងធ្វើឲ្យវិស័យទេសចរណ៍ជាមាសបៃតងពិតប្រាកដ ដែលជាកត្តាគន្លឹះ និងជាមូលដ្ឋានចូលរួមចំណែកធានាចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានទ្រទ្រង់ដល់ការធ្វើសមាហរណកម្មកម្ពុជាក្នុងតំបន់ និងពិភពលោក ក៏ដូចជាការត្រៀមលក្ខណសម្បត្តិរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកបន្តថា ទោះជាយ៉ាងណា ក៏ការគ្រប់គ្រងគោលដៅទេសចរណ៍ នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសការគ្រប់គ្រងសំរាមនៅតែជាបញ្ហាស្មុគស្មាញនៅតាមគោលដៅទេសចរណ៍មួយចំនួន ហើយរមណីយដ្ឋានទេសចរណ៍ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលការអភិវឌ្ឍមានលក្ខណៈយឺតយ៉ាវ ហើយរមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត ពុំទាន់មានការវិនិយោគឲ្យបានពេញលេញនៅឡើយ។
ដោយឡែក សម្រាប់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ក៏ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីថែរក្សាការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងផ្សព្វផ្សាយសកម្មភាពសហគមន៍ទេសចរណ៍នៅកម្ពុជា ដែលទទួលបាននូវការគាំទ្រពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនានា ធានាឲ្យការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សហគមន៍ទេសចរណ៍មួយចំនួនដែលមានការរៀបចំបានល្អស្របតាមស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន មានដូចជាសហគមន៍ជីផាត់ នៅខេត្តកោះកុង សហគមន៍ចំបក់ នៅខេត្តកំពង់ស្ពឺ សហគមន៍កោះទ្រង់ នៅខេត្តក្រចេះ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យ សហគមន៍អារ៉ែង ខេត្តកោះកុងជាដើម៕