(ភ្នំពេញ)៖ មន្រ្តីក្រុមការងារវាយតម្លៃទីក្រុងស្អាត រាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី/ខេត្តនានាជាច្រើននាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានទទួលនូវការបណ្តុះបណ្តាលមួយ ស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធ QRCode សម្រាប់ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈល្អ របស់ ក្រុង/ខណ្ឌ/ស្ថាប័ន ជាបេក្ខភាពនៃចលនាប្រឡងប្រណាំងទីក្រុងស្អាត។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ភ្នាក់ងារវាយតម្លៃទីក្រុងស្អាត អំពីបច្ចេកវិទ្យាថ្មី QRCode ក៏ដូចជាពន្លឿន និងលើកកម្ពស់ការងារប្រឡងប្រណាំងទីក្រុងស្អាត និងសេវាកម្មល្អផងដែរ។
លោក ណេប សាមុត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះថា៖ ដោយអនុវត្តតាមសេចក្ដីជូនដំណឹងលេខ ៧៤២សជណ.ផក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី អនុញ្ញាតឱ្យគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំនូវចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ/ស្ថាប័ន ស្ថិតក្នុងបេក្ខភាពនៃចលនាប្រឡងប្រណាំងទីក្រុងស្អាត» គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបង្កើតស្ដង់ដារបដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ/ស្ថាប័នបេក្ខភាព នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត» ដោយផ្អែកលើអភិក្រម៖ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព»។
លោកបានបន្តថា ការវាយតម្លៃចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» នោះមាន៣ សូចនាករសំខាន់ៗ រួមមានដូចជា៖ សូចនាករទី១៖ ការផ្តល់សេវាឱ្យបាន និងប្រកបដោយគុណភាព។ សូចនាករទី២៖ ការផ្ដល់ឱ្យលឿន ទាន់ពេលវេលា និងត្រឹមត្រូវ និងសូចនាករទី៣៖ ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងតម្លាភាពផងដែរ។
ដើម្បីវាយតម្លៃសូចនាករនោះ គណៈកម្មាធិការជាតិ បានរៀបចំប្រព័ន្ធ QRCode និងកម្រងសំណួរវាយតម្លៃលើគេហទំព័ររបស់ខ្លួនដែលមានឈ្មោះថា www.cambodiabesthospitality.org។
ដើម្បីឱ្យចលនាប្រឡងប្រណាំងនេះ ទទួលបានភាពជោគជ័យ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏បានសំណូមពរឱ្យ ប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរ ចូលរួមផ្ដល់មតិយោបល់លើការផ្ដល់សេវារបស់ក្រុង/ខណ្ឌ/ស្ថាប័នស្ថិតក្នុងបេក្ខភាពនៃចលនា ប្រឡងប្រណាំងទីក្រុងស្អាតតាមរយៈកម្រងសំណួរ ឬស្កេន QR Code វាយតម្លៃ នៅលើបញ្ឈរ QR Code ដែលបានបំពាក់នៅតាមបេក្ខភាព ឬ តាមរយៈគេហទំព័រខាងលើផងដែរ៕