(ភ្នំពេញ)៖ លោក លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីទៅទទួលមេដាយមាស និងមាសកំពូល (Gold and Grand Gold Monde Selection Awards) សរុបបួនមេដាយ សម្រាប់ផលិតផលបួនប្រភេទរបស់ខ្លូន នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៨ ។
លោកអគ្គនាយករូបនេះ បានឲ្យដឹងថា ផលិតផលបីរបស់ក្រុមហ៊ុន គឺស្រាបៀរកម្ពុជា អាយស៍កូឡា (Ize Cola) និងវើក (Wurkz) បានឈ្នះមេដាយមាស Gold Monde Selection Award ម្នាក់មួយ ខណៈ អាយស៍ឡេមិន (Ize Lemon) បានឈ្នះមេដាយមាសកំពូល Grand Gold Monde Selection Award ក្នុងឆ្នាំ២០១៨នេះ។
លោកអគ្គនាយក បានបន្តថា «ឆ្នាំនេះជាឆ្នាំពិសេសពីព្រោះ យើងបានឈ្នះមេដាយបញ្ជាក់គុណភាពលំដាប់អន្តរជាតិ ចំនួនបួនក្នុងពេលតែមួយ។ ទាំងនេះបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាផលិតផលខ្មែរយើងពិតជាមានគុណភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ»។លោកសង្កត់ធ្ងន់ថា «ខ្មែរយើងអាចធ្វើបាន ធ្វើបានល្អ និង ល្អជារៀងរហូត»។
គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា ដែលជាផលិតផល ដំបូងរបស់ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានឈ្នះមេដាយអន្តរជាតិបញ្ជាក់ពីគុណភាពនេះ សរុបបួនមេដាយរួចមកហើយ បើគិតត្រឹមឆ្នាំ២០១៧។ មេដាយមាសថ្មីនេះ នឹងក្លាយជាមេដាយទី៥ ដែលស្រាបៀរកម្ពុជាទទួលបាន៕