(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ រៀបចំខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែលមាន អតីតយុទ្ធជន ប្រមាណ២៥០នាក់ និងប្រធាន-អនុប្រធាន មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដែលរៀបចំធ្វើឡើង នៅក្នុងសាលមហោស្រព ខេត្តក្រចេះ។
លោក ថាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានលើកឡើងថា ការប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជន កម្ពុជានាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដ៍សំខាន់ ដើម្បីរំលឹកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាចដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ ដែលបានធ្វើពលីកម្ម យ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏បវរនៃយើង។
លោក ថាន់ សុគុណ បានបន្ថែមទៀតថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ គ្រប់ដំណាកកាល នៃប្រវត្តិសាស្រ្ដ គឺការរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី កសាងសន្តិភាព និង ស្ថេរភាពសម្រាប់ប្រទេសកម្ពុជា សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីជាប្រយោជន៍ សម្រាប់ជាតិមាតុភូមិ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមគោរពដល់វិញ្ញាណក្ខន វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសូមគោរពកោតសរសើរ ដល់កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈគ្រប់ទីកន្លែង។ ប្រវតិ្ដសាស្រ្តកម្ពុជា បានឆ្លងកាត់សង្រ្គាម នៅរបបប្រល័យ ពូជសាសន៍ប៉ុលពត បានបំផ្លិចបំផ្លាញ សង្គមជាតិខ្ទិចខ្ទី និងបន្សល់ទុកនូវផលលំបាកជាច្រើន។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ គឺជាប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបំផ្លិចបំផ្លាញ សង្គមសេដ្ឋកិច្ច ឲ្យខ្ទិចខ្ទី ដល់ឬស គល់នោះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកំពស់សុខមាភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អ ប្រសើរ ជាបន្តបន្ទាប់ ស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ។
ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្ដិបណ្ដិត និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការផ្ដល់អាទិភាព ដល់ការអនុវត្តន៍គោល នយោបាយ ចំពោះអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានសក្ក័សម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលីកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឡើងអានសារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា និងសំណេះសំណាលជាមួយបងប្អូន អតីតយុទ្ធជន និងផ្ដាំផ្ញើឲ្យ បងប្អូនទៅបាះឆ្នោត នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនអ្នកដឹកនាំ ដែលនៅរួមសុខរួមទុក្ខ ជាមួយប្រជាជន និងសូមកុំចូលរួមសកម្មភាព ទាំងឡាយណា ដែលបង្កអសន្ដិសុខ និងបង្កចលាចលដល់សង្គមជាតិ។
ជាមួយគ្នានោះ មន្ទីរសង្គមកិច្ច ក៏បានផ្ដល់ជូនដល់អតីតយុទ្ធជន ចំនួន២៥០នាក់ ក្នុង១នាក់ សារ៉ុង១ និងមី១កេះ ដោយឡែក លោក វ៉ា ថន អភិបាលខេត្ត បានឧបត្ថម្ហជូនថវិកា ជូនបងប្អូនអតីតយុទ្ធជន ក្នុង១នាក់២០,០០០រៀលផងដែរ៕