(ភ្នុំពេញ)៖ អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌលោក ម៉ូវ មានិត បានដឹកនាំកម្លាំងចម្រុះចុះបិទទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលបើកដោយខុសច្បាប់ និងកំពុងពង្វក់ក្មេងសិស្សសាលា ដែលរៀននៅក្បែរនោះព្រមទាំងរឹបអូសយកសម្ភារជាភស្តុតាង យកទៅខណ្ឌដើម្បីបំផ្លាញចោលផងដែរ។
លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីនេះ បើកលេងភ្លាមត្រូវសមត្ថកិច្ចបង្ក្រាបភ្លាម កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានធ្វើការដកហូតទូរបាញ់ត្រីចំនួន០១គ្រឿង។
លោកអភិបាល ម៉ូវ ម៉ានិត បន្តថា នេះជាករណីទី២ហើយ ក្នុងខែឧសភា ដែលអាជ្ញាធរខណ្ឌ ចុះបង្ក្រាបទីតាំងហ្គែមភ្នាល់បាញ់ត្រី នៅតំបន់ត្រពាំងឈូក។
លោកអភិបាលខណ្ឌសែនសុខ នៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាល សូមចូលរួមសហការរាយការណ៍មកអាជ្ញាធរប្រសិនបើមានការលូចលាក់បើកហ្គែមបាញ់ត្រីនេះ ព្រោះវាអាចធ្វើឲ្យក្មេងគេចសាលាមិនចូលរៀនដោយសារញៀនហ្គេម ទៅតាមមិត្តភ័ក្ក្ររហូតអាចឈានទៅដល់ប្រើប្រាស់គ្រឿងញៀន និងឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សហគមន៍ និងសង្គមជាតិ៕