(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ «ស្ពានពាមជំនីក» ស្ថិតក្នុងភូមិពាមជំនិត ឃុំកំពង់លូង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី ម៉ែន សំអន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
សម្តេចទាំងទ្វេរ បានផ្តាំផ្ញើនូវការអរគុណ និងជូនពរឱ្យបងប្អូនគ្រប់ៗក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ប្រកបកិច្ចការអ្វីៗសូមឱ្យបានជោគជ័យ និងសូមឱ្យមានសុខភាពល្អ។ សម្តេចទាំងទ្វេរគឺ ជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាបំផុត ដោយបានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលអាចឱ្យប្រជាពលរដ្ឋមានសិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រីបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ព្រមទាំងលោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង «ស្ពានពាមជំនីក» នេះដែលមានប្រវែងបណ្ដោយ២១ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើពីបេតុងអាម៉េ ដោយបានចាប់ផ្តើម កសាងចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងបានចំណាយថវិកាសរុបចំនួន២៨០.០០០ដុល្លារ។
ចំពោះសមិទ្ធផដែលយើងកំពុងសម្ពោធនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនឥតគណនានៅទូទាំងប្រទេស។ សមិទ្ធិផលនេះ កើតឡើងដោយទឹកចិត្តសប្បុរសរបស់លោកស្រីសៀង ចាន់ ហេង អគ្គយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
លោកបានបញ្ជាក់ថា «ខ្ញុំសង្កេតឃើញថា នៅក្នុងស្រុកនេះ មានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំង នៅលើហេដ្ឋារចនាសម្ព័ន្ធនានា តួយ៉ាងដូចជា សមិទ្ធិផល «ស្ពានពាមជំនីក» ថ្មីនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងបានជួយស្រួលដល់ការធ្វើដំណើរ របស់បងប្អូនជិតឆ្ងាយ ដែលបានឆ្លងកាត់តំបន់នេះផងដែរ»។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា «ជាការពិតណាស់ប្រទេសជាតិយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងទាំងអាណាចក្រដូចសព្វថ្ងៃនេះ ដោយសារមានប្រមុខដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្ថង»៕