(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានណែនាំឲ្យកងកម្លាំងគ្រប់គ្រងត្រួតពិនិត្យឲ្យបាន និងអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះបុគ្គលណាមួយ ដែលធ្វើចលនាញុះញង់ ពលរដ្ឋមិនឲ្យទៅបោះឆ្នោត គ្រប់គ្រងឲ្យបាននូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីពិនិត្យលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន និងក្រោយបោះឆ្នោត និងពង្រឹងណែនាំលើការអនុវត្ត តួនាទី ភារកិច្ច របៀបរបបការងារ។
លោក ថង សាវុន បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ ដែលបានចូលរួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពសង្គម និងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការងារអភិវឌ្ឍន៍ខេត្ត។
ទន្ទឹមនឹងនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងលើការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្កើនការផ្សព្វផ្សាយអប់រំផ្នែកសុខភាព ក្រោយមានករណីមានករណីពុលទឹកនៅខេត្តផ្សេងៗកន្លងមក ឲ្យប្រជាពលរដ្ឋចេះអនាម័យបរិស្ថាន ដោយមិនចោលសំរាម ឬលាមក ឬសំណល់ជាតិពុល ក្នុងប្រភពទឹកដែលខ្លួនឯងប្រើប្រាស់៕