(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សា នៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាលអប់រំខ្លីៗមួយឆមាសម្តង។
កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។ កម្មវិធីនេះអាចដំណើរការបាន ក៏ដោយសារការឧបត្ថម្ភគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌នៅអាស៊ីដីគោក និងជាពិសេសពីសប្បុរសជនអ្នកសៀមរាបតែម្តង។
ដើម្បីដំណើរការកម្មវិធីអប់រំបេតិកភណ្ឌ កាន់តែទទួលបានភាពជោគជ័យ អាជ្ញាធរជាតិអប្សរា បានបញ្ជូនបុគ្គលិកជំនាញផ្នែកបេតិកភណ្ឌវប្បធម៌ អ្នកស្រាវជ្រាវបុរាណវិទ្យា ចុះអប់រំផ្ទាល់ក្នុងសាលាគោលដៅក្នុងតំបន់ រួមមាន សាលាបឋមសិក្សាស្រះស្រង់ និងវិទ្យាល័យនគរធំ ដោយមានការសហការជាមួយអង្គការគាំពារមរតក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា។
ជំនួយឧបត្ថម្ភពីសប្បុរសជនអ្នកសៀមរាបក្នុងកម្មវិធីរបៀបនេះ ក៏បានអនុវត្តកន្លងមកនៅសាលារៀនក្នុងតំបន់រមណីយដ្ឋានបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យដែរ មានលោក អ៊ឹម ផាន់មូលីវណ្ណ និងគ្រួសារ លោក ហ្វីលីព កៅ និងគ្រួសារ។ល។
សម្រាប់ឱកាសបើកកម្មវិធីអប់រំបេតិកភណ្ឌនៅអង្គរ ដោយមានក្តីស្រឡាញ់វិស័យបេតិកភណ្ឌនិងបុរាណវិទ្យា តែមិនមានឱកាសបានរៀនសូត្រ ឬក៏ធ្វើការដិតដល់នឹងផ្នែកនេះ លោកស្រី ម៉ម សុម៉ាលី សេរី និងស្វាមី ព្រមទាំងបុត្រ មានកំណើតកើតជានៅសៀមរាបផ្ទាល់ បាននាំយកអំណោយ មានសៀវភៅ២០០ក្បាល ប៊ិច៣០០ដើម កូល័រផាត់ពណ៌១៨០ប្រអប់ ខ្មៅដៃ និងជ័រលុបជាច្រើនដើម ដែលជាតម្រូវការចាំបាច់សម្រាប់ការសិក្សា ឧបត្ថម្ភដល់សិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ ដើម្បីជាការលើកចិត្ត និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបេតិកភណ្ឌ ជាមួយអាជ្ញាធរជាតិអប្សរា។
លោកស្រី សេរី បាននិយាយថា នេះជាសន្តានចិត្តបន្តិចបន្តួច បរិច្ចាគសម្ភារសិក្សាទៅតាមលទ្ធភាព ព្រោះខ្ញុំពីក្មេងស្រលាញ់ការសិក្សាណាស់ និងចង់ឱ្យក្មេងៗមានការសិក្សាបានខ្ពស់ យល់ដឹងពីតម្លៃនៃបេតិកភណ្ឌដែលយើងមាននិងមើលឃើញសព្វថ្ងៃ ជាពិសេសការចូលរួមថែរក្សាតែម្តង។ អ្នកស្រីក៏បានសំណូមពរឱ្យកុមារា កុមារីទាំងអស់យកចិត្តទុកដាក់រៀនសូត្រឱ្យបានច្រើន ជាជាងយកពេលវេលាទៅលេងឥតប្រយោជន៍ ព្រោះវ័យនេះត្រូវខំបណ្តុះខ្លួនក្នុងការសិក្សា ដើម្បីទទួលបានអនាគតល្អនៅថ្ងៃមុខ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធាននៃគម្រោងអប់រំបេតិកភណ្ឌនេះ បានចាប់អារម្មណ៍ថា នេះជាសកម្មភាពចូលរួមយ៉ាងប្រពៃរបស់សប្បុរសជនក្នុងស្រុករបស់ខ្លួន។ នេះជាសញ្ញាណនៃក្តីសង្ឃឹមសម្រាប់បណ្តុះពូជអ្នកអភិរក្សបេតិកភណ្ឌជាតិ។
លោកបន្តថា «មុនៗយើងសង្កេតឃើញមានតែជំនួយមកពីបរទេស។ ថ្មីៗនេះ ការជួយជ្រោមជ្រែងគ្នាមានកំណើតហើយ និងជាទីសង្ឃឹមសម្រាប់អភិវឌ្ឍន៍ស្រុក។ ប្រៀបដូចនឹងពាក្យបុរាណពោលថា អ្នកមានរក្សាខ្សត់ ដូចសំពត់ពាត់ពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន»៕