(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៧ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមក្នុងកិច្ច សំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនទាំងអស់។ រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង, រោងចក្រផលិតកាបូប និងរោងចក្រផលិតខ្សែរ៉ូត។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេស។
លោករដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺនេះ បានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម។ ក្រោយពេលសង្គ្រាមបានបិទបញ្ចប់ទាំងស្រុងក្រោម នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ១៩៩៦ ខេត្តកំពង់ស្ពឺ បានក្លាយទៅជាខេត្តមួយមានសក្តានុពលខ្ពស់សម្រាប់ការធ្វើកសិកម្ម និងឧស្សាហកម្ម ហើយទទួលបានការទាក់ទាញវិនិយោគលើវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។
បើតាមលោក អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន២២៥ មានកម្មករ និយោជិត ៩៨,២១៣នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២២០លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកក្នុងមួយសប្តាហ៍យ៉ាងតិចមួយថ្ងៃ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ការធ្វើដំណើរចុះជួបនេះ ក្រៅពីបំណងចង់ស្វែងយល់ពីសុខទុក្ខ និងទុក្ខលំបាករបស់កម្មករ កម្មការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ជំរុញវិស័យឧស្សាហកម្មឲ្យបោះពួយទៅមុខដ្បិតវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្នបានក្លាយជាវិស័យដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនីសរុប ៤២លើក ហើយមានកម្មករ កម្មការិនីសរុប ៥២៤,៤៧៦នាក់ បានជួបសំណេះសំណាលដោយផ្ទាល់។ ក្នុងនោះមានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការសរុប ៧៣៤នាក់ បានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីផងដែរ។
តាមរយៈជំនួបជាបន្តបន្ទាប់នេះបានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើនរបស់កម្មករ កម្មការិនីត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ។ ក្នុងនោះគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨មក គ្រប់រោងចក្រទាំងអស់បានអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ។
កម្មករ និយោជិត បានទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាកកូន។
គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ មានកម្មការិនីសម្រាលកូនចំនួន ២១,៦៣២នាក់ ចំនួនកូន ២១,៦៨២នាក់ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាង ៨.៦ប៊ីលានរៀល៕