(តាកែវ)៖ ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ៥០៨នាក់នៅស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី ខេត្តតាកែវនារសៀលថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន គឺជាមេដឹកនាំដែលតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងរាល់បញ្ហាលំបាករបស់អតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកើតចេញពីយុទ្ធជន និងធ្លាប់បានឆ្លងកាត់សមរភូមិរាប់មិនអស់ ដើម្បីតែការរស់រៀនជាថ្មីរបស់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះសម្តេចបានយល់យ៉ាងច្បាស់ពីទុក្ខលំបាករបស់អតីតយុទ្ធជន។
«សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមរបស់យើង សម្តេចជាយុទ្ធជន សម្តេចធ្លាប់ឆ្លងកាត់សមរភូមិរាប់មិនអស់ដើម្បីជាតិ និងប្រជាជនរបស់យើង ដូច្នេះសម្តេចយល់ណាស់ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនយើង។ សម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងបញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ហើយក្រៅពីសម្តេច ក្រៅពីគណបក្សប្រជាជនកម្ពុជា មិនដឹងថា មានបក្សណាគិតគូរពីអតីតយុទ្ធជនយើងនោះទេ»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ព្រោះតែការយកចិត្តទុកដាក់លើអតីតយុទ្ធជននេះ ទើបសម្តេចចាត់រូបលោកឲ្យចុះធ្វើការងារផ្ទាល់ជាមួយអតីតយុទ្ធជន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម បញ្ហារបស់អតីតយុទ្ធជនជាច្រើនត្រូវបានដោះស្រាយ ដូចជាការបើកប្រាក់មរណៈសង្គ្រោះរបស់អតីតយុទ្ធជន ការផ្តល់ផ្ទះ និងដីជាដើមដល់អតីតយុទ្ធជនមានជីវភាពខ្វះខាត ជាពិសេសការកៀរគរកម្លាំងជួយគ្នានៅពេលអតីតយុទ្ធជន ឬ គ្រួសារអតីតយុទ្ធជនមានបញ្ហានានា។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការមើលថែ ជួយដោះស្រាយការលំបាករបស់សមាជិក នៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យបានកាន់តែល្អថែមទៀត ជាពិសេសពេលពួកគាត់ឈឺស្កាត់យប់ព្រលប់ ឬមានធុរៈផ្សេងៗ។
ក្នុងទឹកមុខប្រកបដោយក្តីរីករាយ បងប្អូនសមាជិកសមាគមអតីតយុទ្ធជន ដែលបានចូលរួមក្នុងពិធីបំពាក់មេដាយនេះ បានសម្តែងក្តីរំភើបរីករាយ ដែលសម្តេចតេជោជានិច្ចជាកាលតែងតែគិតគូរដល់ ទោះជាចូលនិវត្តន៍ហើយក៏ដោយ។ បងប្អូនអតីតយុទ្ធជនបានប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ នឹងមិនស្តាប់តាមការញុះញង់របស់ជនអគតិណាមួយនោះឡើយ៕