(តាកែវ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ ។
លោក ឯម ច័ន្ទមករា បានបន្តថា ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើក កម្ពស់អាជីពសមស្របនិងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុង សិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារនិងអាជីពសម្រាប់ជនមានពិការភាព» ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការក្នុងវិស័យទេសចរណ៍។ សិក្ខាសាលានេះរៀបចំដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តតាកែវ ដោយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ប្រមាណជាង៧០នាក់ បានមកទទួលការបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាពនេះផងដែរ។
លោក ឯម ច័ន្ទមករា បានបន្ថែមថា «កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»។
លោក ឯម ច័ន្ទមករា បានស្នើឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។ លោកថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាចីះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។
ជាមួយគ្នានោះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយ លោកបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។
លោក ហោ សារុន បានបន្ថែមដោយស្នើអំពាវនាវឲ្យ ភាគីពាកព័ន្ធចុះពិនិត្យ និងតាមដានការងារក្នុងវិស័យទេសចរណ៍ឲ្យបាន ច្បាស់លាស់នៅតាមគោលដៅសំខាន់ៗ ដែលក្រុមការងារ សកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍នានាតាមបណ្តាខេត្ត ជុំវិញការចុះបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាព ថាតើបានអនុវត្តដ៏កំរិតណា នាពេលកន្លងមក៕