(បន្ទាយមានជ័យ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យពលរដ្ឋទាំងអស់ប្រយ័ត្នឲ្យ បានខ្ពស់ចំពោះការចងការប្រាក់ក្រៅប្រព័ន្ធ (មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ឬស្ថាប័នណាមួយ) ព្រោះបច្ចុប្បន្ននេះ កំពុងមានជនឆ្លៀតឱកាស បានកឹបកេងចំណេញ ទៅលើការរកស៊ីចងការប្រាក់ ក្រៅប្រព័ន្ធនេះ។
ការប្រកាសបែបនេះ របស់លោកទេសាភិបាល ធ្វើឡើងនាឱកាស ដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំងនាយក សាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយ លោក ថា សុទ្ធា ជំនួសលោក ហេង ទួង ដែលទើបតែចូលនិវត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកទេសាភិបាល បានឲ្យដឹងថា «ទន្ទឹមនឹងការរីកចម្រើន នៃវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានជនមួយចំនួនកំពុង កេងចំណេញដោយប្រើនសារយោបាយប្រភិថុត តាមរយៈការឃោសនាឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ មិនតែប៉ុណ្ណោះពួកគេ បានដើរបោកបញ្ឆោត ពលរដ្ឋ មិនបាច់សងប្រាក់ប្រសិនបើគេឈ្នះឆ្នោត ឬឃោសនាប្រាក់សន្សំពីប្រជាពលរដ្ឋ ដោយសន្យាឲ្យអត្រាការប្រាក់ខ្ពស់ជាដើម តែទីបំផុតពួកគេបានរត់គេចខ្លួនបាត់ នេះជាសកម្មភាពមិនស្របច្បាប់ ធ្វើឲ្យពលរដ្ឋខាតបង់យ៉ាងធំធេង និងត្រូវមានការប្រុងប្រយត្ន័ឲ្យខ្ពស់»។
ក្នុងឱកាសនោះ លោក ជា ចាន់តូ ក៏បានបង្ហាញឲ្យដឹង ពីការកើនឡើងនៃការប្រើប្រាស់ប្រាក់រៀល នាពេលបច្ចុប្បន្ន។ លោកបានលើកឡើងថា កន្លងមករាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ ដោយមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋទូទៅ ហើយក្នុងនោះកំណើននៃតម្រូវការប្រាក់រៀល បានកើនឡើងគួរឲ្យកត់សម្គាល់។
ជាក់ស្តែងរូបិយវត្ថុចរាចរណ៍ និងប្រាក់បញ្ញើនៃប្រាក់រៀល បានកើនឡើងក្នុងអត្រា១៨% និង២៧%រៀងគ្នាផងដែរ។ ក្នុងនោះតាមរយៈកំណើនអត្រាទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងបានផ្តល់កម្ចីដល់អតិថិជនប្រមាណជិត១,៨លាននាក់ និងទទួលប្រាក់បញ្ញើពីអ្នកផ្ញើប្រាក់ជាង ១,៧លាននាក់ ជាមួយសេវាយ៉ាងទូលំទូលាយទូទាំងផ្ទៃប្រទេស។
លោកទេសាភិបាល ក៏បានបញ្ជាក់ទៀតថា ការរីកចម្រើនក្នុងវិស័យធនាគារនេះ អាស្រ័យដោយប្រទេសជាតិមានសន្តិភាព ទើបទទួលបាការជឿជាក់ និងការចូលរួមគាំទ្រពីប្រជាជន និងសាធារណៈជន៕