(កំពង់ចាម)៖ បេក្ខជនតំណាងរាស្រ្តវ័យក្មេងពី គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តកំពង់ចាម លោក ស្លេះ ពុនយ៉ាមីន ជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ គណៈកម្មការព្រះវិហារឥស្លាម នៃភូមិចំនួន៣២ ក្នុងខេត្តកំពង់ចាម ព្រមទាំងផ្តល់ថវិកា៣០ម៉ឺនរៀល ជូនព្រះវិហារនីមួយៗ សរុប៩,៦០០,០០០រៀល។
ក្នុងជំនួបសំណេះសំណាល បេក្ខជនតំណាងរាស្រ្តវ័យក្មេងខ្មែរឥស្លាមខាងលើ បានអំពាវនាវទៅកាន់តំណាងព្រះវិហារ ដែលអញ្ជើញមកទទួលថវិកា សម្រាប់ពិធីទទួលទានបួសរ៉ាម៉ាឌនថា ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ គឺជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់គ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ឋានៈ និងជាតិសាសន៍ ដែលមានសញ្ជាតិកម្ពុជា ហេតុនេះសូមអំពាវនាវដល់បុព្វជិក គណៈអ៊ីម៉ាំព្រះវិហារ និងប្រជាពលរដ្ឋនៅចំណុះវិហារ តាមមូលដ្ឋាន សូមផ្តោតការយកចិត្តទុកដាក់ត្រៀមខ្លួន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន។
បើតាមលោក ស្លេះ ពុនយ៉ាមីន សន្លឹកឆ្នោតមួយសន្លឹក គឺជាការសម្រេចជោគវាសនា ហើយកាលដែលបានរួមរស់នៅក្រោមម្លប់សន្តិភាព សុខដម្មបនីយកម្មដល់សព្វថ្ងៃ ក៏ព្រោះតែការសម្រេចចិត្តជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ មានសមត្ថភាពផ្តល់ភាពកក់ក្តៅ និងសន្តិភាព។
លោកបន្តថា សូមឲ្យការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បន្តនៅជារៀងរហូត សូមកុំចាញ់បោកការឃោសនាបោកប្រាស់ របស់បណ្តាបក្សប្រឆាំងណា ដែលសូម្បីបទពិសោធន៍ ឆាកជីវិតការលះបង់ដើម្បីជាតិ មាតុភូមិ ក៏ពុំដែលមានសោះនោះអី៕