(កំពត)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រទេសយើងទៅមុខមានលំនឹង និងការវិវត្តន៍ទៅមុខ គឺអាស្រ័យលើកត្តាពីរ។ កត្តាទីមួយ៖ អាស្រ័យលើសុខសន្តិភាព ស្ថេរភាព ដែលយើងមានសព្វថ្ងៃ និងកត្តាទី២៖ គឺការយល់របស់ប្រជាពរដ្ឋ ក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលច្បាស់លាស់មានគោលការណ៍ ថែរក្សានិរន្តភាព នៃសុខសន្តិភាព។ ដូច្នេះមានតែការបោះឆ្នោតមួយទេ ដែលបង្ហាញពីលទ្ធិ ប្រជាធិបតេយ្យ។ អញ្ចឹងសូមអញ្ជើញលោកគ្រូ អ្នកគ្រូ ទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដែលធ្វើឲ្យមានលំនឹងនយោបាយ និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនទៅមុខទៀត»។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងខេត្តកំពត។ លោកបានបន្តថា ដូច្នេះមានតែការបោះឆ្នោតមួយទេ ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។ អញ្ចឹងសូមអញ្ជើញលោកគ្រូ អ្នកគ្រូទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឱ្យបានទាំងអស់គ្នាដើម្បីជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្តដែលធ្វើ ឱ្យមានលំនឹងនយោបាយ និងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនទៅមុខទៀត។
លោកបានបន្តថា ប្រទេសកម្ពុជា បានដើរក្រោយគេ ជាប្រទេសក្រីក្រមួយបំផុត ប៉ុន្តែមកដល់ពេលនេះ កម្រិតជីវភាពមន្ត្រីរាជការលោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើងប្រាក់បៀវត្សរ៍ បានកើនមកប៉ុណ្ណេះកើនបានលឿនបានប៉ុណ្ណេះ មានលក្ខណៈល្អប្រសើរជាងប្រទេសដទៃ នៅក្នុងតំបន់ ប៉ុន្តែទោះបីយើងបង្កើនបានប៉ុណ្ណេះ ក៏ដោយយើងមិនទាន់គ្រប់នៅឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាល នឹងខិតខំតម្លើងបន្ថែមទៀតរួម និងអត្ថប្រយោជន៍ជាច្រើនទៀត។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះលទ្ធភាព ជីវភាពរបស់លោកគ្រូ អ្នកគ្រូ ដែលផ្ទុយពីគណបក្សប្រឆាំងក្នុងសភា ដែលគ្រាន់តែថាប៉ុន្តែមិនដែលធ្វើ គឺមិនដែលអនុម័តគាំទ្រការតម្លើងថវិកាជាតិ នៅក្នុងវិស័យអប់រំនោះទេ។ គុណភាពអប់រំ គឺអាស្រ័យលើលោកគ្រូអ្នកគ្រូ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះគឺជាមោទនភាពរបស់លោកគ្រូ អ្នកគ្រូ នៅក្នុងវិស័យអប់រំ ដែលត្រូវបានគេចាត់ទុកថាជាឪពុកម្ដាយទី២ ព្រោះថា ឪពុកម្ដាយទី១ ជាអ្នកផ្តល់កំណើតចិញ្ចឹម បីបាច់ថែរក្សាមានកាយសម្បទារឹងមាំ ប៉ុន្តែលោកគ្រូអ្នកគ្រូ គឺជាអ្នកផ្តល់ចំណេះដឹង សីលធម៌ គុណធម៌។ នេះហើយ គឺជាគុណបំណាច់ដ៏ធំណាស់របស់លោកគ្រូអ្នកគ្រូ។
ដូច្នេះហើយឪពុកម្ដាយទី១ និងឪពុកម្ដាយទី២ បានដើរតួយ៉ាង សំខាន់ណាស់ ក្នុងការអប់រំមនុស្សមានកាយសម្បទារឹងមាំ និងមានសីលធម៌គុណធម៌នៅក្នុងខ្លួន។ ទាំងការរស់នៅនិងការដឹកនាំបើគ្មានសីលធម៌ គុណធម៌នោះទេ គឺលំបាកហើយ។ ឧទាហរណ៍ជាក់ស្ដែងអ្នកដឹកនាំ នៅក្នុងរបប ប៉ុល ពត សុទ្ធតែមានសមត្ថភាពបណ្ដុះបណ្ដាលនៅក្រៅប្រទេស ប៉ុន្ដែការដឹកនាំប្រទេសដែលខ្វះសីលធម៌ គុណធម៌ នៅក្នុងខ្លួនបានធ្វើឱ្យដើរថយក្រោយ និងបានធ្វើឱ្យប្រទេសធ្លាក់ក្នុងសង្រ្គាម៕