(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានសហការជាមួយមូលនិធិរូបិវត្ថុអន្តរជាតិ (IMF) រៀបចំសិក្ខាសាលា​ស្ដីពី «ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក - វេលាល្អ, វេលាមិនច្បាស់លាស់ ពេលដែលត្រូវត្រៀមលក្ខណៈ» ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែ​ទូលំទូលាយ ពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់។

សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីសំណាក់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ
និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានាប្រមាណ១០០នាក់។

យោងតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ខ្លឹមសារនៃសិក្ខាសាលានេះបានបង្ហាញពី តំបន់អាស៊ីប៉ាស៊ីហ្វិករក្សាបានកំណើនសេដ្ឋកិច្ច៥.៦% នៅឆ្នាំ២០១៨-២០១៩ ដែលជាកម្រិតខ្ពស់ធៀបនឹងតំបន់ដទៃ និងបានរួមចំណែកប្រមាណពីរភាគបី នៃកំណើនសេដ្ឋកិច្ចពិភពលោក ស្របពេលដែល
អតិផរណាបន្តមានកម្រិតទាប។

ទោះយ៉ាងណា តំបន់នេះក៏កំពុងប្រឈមនឹងភាព មិនប្រាកដប្រជាមួយចំនួនរួមមាន៖ ភាពប្រក្រតីកម្មគោលនយោបាយរូបិយវត្ថុ, ទស្សនវិស័យនៃពាណិជ្ជកម្មអន្តរជាតិ, ឥទ្ធិពលនៃកំណែទម្រង់សារពើពន្ធរបស់សហរដ្ឋអាមេរិក និងហានិភ័យផ្សេងៗទៀតដូចជា បញ្ហាភូមិសាស្ត្រនយោបាយ និងគ្រោះធម្មជាតិជាដើម។

សិក្ខាសាលានេះ ក៏បានផ្តល់ជាវេទិកាពិភាក្សា ពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងឥទ្ធិពលមកលើកម្ពុជា រវាងភាគីពាក់ព័ន្ធទាំងក្នុងវិស័យឯកជន
និងវិស័យសារធារណៈ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ ពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងផ្តល់ជាធាតុចូលទៅក្នុងការរៀប
ចំគោលនយោបាយនានា សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយចីរភាព៕