(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធី បាឋកថាថ្មី១ទៀត ស្តីពី«តម្លៃសីលធម៌នៃព្រះពុទ្ធសាសនា និងពាហិរសាសនា» ដើម្បីចែកជូនចំណេះដឹងថ្មីៗបន្ថែមទៀត ដល់យុវជនជំនាន់ក្រោយ ជាពិសេសគឺសមណនិស្សិត-និស្សិត ដែលសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានព្រះថេរដីកាថា ថ្នាក់ដឹកនាំនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានរៀបចំឲ្យមានបាឋកថាប្រចាំខែ និងបាឋកថាពិសេសជាបន្តបន្ទាប់ ពីព្រោះយល់ឃើញថា បាឋកថានេះ ជាកម្មវិធីដ៏សំខាន់មួយ សម្រាប់ផ្តល់ចំណេះដឹង និងការចែករំលែកបទពិសោធន៍ល្អៗ ទៅដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
បាឋកថា លើកនេះ បានរៀបចំឡើងក្រោមប្រធានបទ «តម្លៃសីលធម៌នៃព្រះពុទ្ធសាសនា និងពាហិរសាសនា» រៀបចំឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមាន វាគ្មិនចូលរួម រួមមាន លោក ភីតធឺ សៀ និងវាគ្មិនល្បីៗមួយចំនួនទៀត ចូលរួមចែករំលែក នៅក្នុងកម្មវិធី បាឋកថា ក្រោមប្រធានបទ «តម្លៃសីលធម៌នៃព្រះពុទ្ធសាសនា និងពាហិរសាសនា» នាពេលនោះផងដែរ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាថា បាឋកថាដែលរៀបចំឡើងដោយ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺមានវាគ្មិនជាសាស្រ្តចារ្យខ្មែរ និងបរទេស ដែលមានជំនាញច្បាស់លាស់ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសនៅក្នុងអំឡុងពេលបវេសនការ រហូតដល់វិស្សមកាលវិញ គឺមានកម្មវិធីនេះជាហូរហែ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាថា មូលហេតុ ដែលដែលជ្រើសរើសប្រធានបទនេះ មកដោយសំលឹងឃើញថា សង្រ្គាមកើតឡើង គឺផ្ទុយពីគោលការណ៍សាសនាទាំងអស់ ពីព្រោះសាសនាបានបង្រៀនឲ្យមនុស្សមានសន្តិភាព ប៉ុន្តែការអនុវត្តគឺផ្ទុយ ដោយសារមានក្រុមសាសនាខ្លះ បកស្រាយពីសាសនាខុសប្លែកពីគ្នា និងពេលខ្លះ មិនត្រឹមត្រូវទៅតាមក្បួនច្បាប់ និងគោលការណ៍ច្បាស់លាស់ ពេលខ្លះកើតឡើងដោយសារការបកស្រាយនូវគំនិតផ្ទាល់ខ្លួន ដើម្បីតែប្រយោជន៍ខ្លួនឯង និងប្រយោជន៍នយោបាយ រហូតក្លាយជាជម្លោះសាសនា និងភរវកម្មជាដើម។
ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាបន្ថែមថា ជារួមអ្នកកាន់ព្រះពុទ្ធសាសនា គឺមានសាសនានិយម មានសន្តិភាព តែអ្នកកាន់ព្រះពុទ្ធសាសនា មិនដែលធ្វើសង្រ្គាម ក្នុងនាមសាសនានោះទេ តែជាបុគ្គលទៅវិញទេ។ នៅពេលអ្នកកាន់ពុទ្ធសាសនាយកសាសនាមកអនុវត្ត ក្នុងសង្គម គឺមានជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក ជាមួយសាសនាដទៃទៀត។
ពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងការអភិវឌ្ឍប្រទេស ព្រះពុទ្ធសាសនា ផ្សព្វផ្សាយនៅទីណា គឺនាំយកមកនូវ សុខសន្តិភាព វប្បធម៌ អហិង្សា និងការអនុគ្រោះឲ្យគ្នាទៅវិញទៅមក។
តែយ៉ាងណាក៏ដោយ ក៏នៅមានបុគ្គលខ្លះ គោរពព្រះពុទ្ធសាសនាហើយ តែបែរជាយកអំពើហិង្សាមកដាក់ខ្លួនទៅវិញ នេះមិនមែនជាបុគ្គល គួរគោរព នោះទេ។ ឥទ្ធិពលនៃកង្វះសីលធម៌នៅក្នុងសង្គម គឺត្រូវមានការផ្សារភ្ជាប់គ្នា ជាមួយការប្រតិបត្តិ និងគោរពព្រះពុទ្ធសាសនា បើបុគ្គលទាំងនោះ គោរពទៅតាមព្រះពុទ្ធសាសនានោះ សង្គមក៏មិនមែនបុគ្គលប្រព្រឹត្ត អំពើអសីលធម៌ ថយចុះដែរ៕