(តាកែវ)៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងថា វីរភាពដ៏អង់អាចក្លាហាន និងការលះបង់គ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុស្វែរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះ សន្តិភាពកំពុងមានពាសពេញប្រទេសកម្ពុជា ហើយដើម្បីរក្សាការពារសន្តិភាពនេះឲ្យស្ថិតស្ថិរយូរអង្វែងទៅមុខបាន កាតព្វកិច្ចសំខាន់ គឺមានតែទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។

ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ស្រុកគិរីវង់ ស្រុកកោះអណ្តែត និងស្រុកបុរីជលសារ ខេត្តតាកែវ សរុបប្រមាណ ៨២៨នាក់ នៅសាលាស្រុកគិរីវង់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអតីយុទ្ធជនកម្ពុជា។

អ្នកតំណាងរាស្ត្រ សុខ សូកាន បានរំឭកថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តតាមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យកម្ពុជាមានឯកភាពជាតិ និងសុខសន្តិភាពពេញលេញទូទាំងប្រទេសជាលើកដំបូង មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាជាង៥០០ឆ្នាំមកហើយ។

លើសពីនេះទៀត នយោបាយឈ្នះ-ឈ្នះបានក្លាយជាមេរៀនប្រវត្តិសាស្រ្ត និងជាគំរូដ៏ល្អមួយក្នុងការបញ្ចប់សង្គ្រាម និងជម្លោះផ្ទៃក្នុងរបស់កម្ពុជា ដែលត្រូវបានមតិជាតិ-អន្តរជាតិសាទរ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹង តាមរយៈកិច្ចដំណើរការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ និងសម្តេចវិបុលបញ្ញា សុខ អាន តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៣ ថែមទៀតផង ហើយតាមរយៈតុលាការកូនកាត់ដែលមានទាំងចៅក្រមខ្មែរ និងអន្តរជាតិនេះ ប្រជាជនកម្ពុជាបច្ចុប្បន្នទទួលបាននូវយុត្តិធម៌ និងរក្សាបាននូវស្ថិរភាព និងសន្តិភាពពេញលេញលើផ្ទៃប្រទេស។

លោកបានបន្តទៀតថា សន្តិភាព ដែលវីរអតីតយុទ្ធជនបានចូលរួមចំណែករកបានយ៉ាងលំបាកនោះ បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា មានភាពម្ចាស់ការពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាជនខ្មែរគ្រប់រូប ពោលគឺកម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថាប័នរដ្ឋរឹងមាំ និងមានប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

បន្ទាប់ពីបានជម្រាបជូនអំពីការវិវឌ្ឍនៃបរិយាកាសនយោបាយបច្ចុប្បន្ន អ្នកតំណាងរាស្រ្ត ក៏បានសំណូមពរដល់វីរអតីតយុទ្ធជនកម្ពុជាទាំងអស់ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយចលនាសាច់ញាតិ បងប្អូនដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឲ្យអញ្ជើញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន និងដើម្បីការពារស្នាដៃដែលកើតចេញពីការលះបង់ដ៏ឧត្តុងឧត្តមរបស់វីរអតីតយុទ្ធជនគ្រប់រូប ក្នុងបុព្វហេតុជាតិ និងប្រជាជនកន្លងមក។

ក្នុងឱកាសនោះ អតីតយុទ្ធជនកម្ពុជាក្នុងស្រុកទាំង៣ ក៏ទទួលបាននូវថវិកាឧបត្ថម្ភ ក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ៕