(ព្រះវិហារ)៖ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នៅស្នងការនគរបាលខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់មន្ត្រីនគរបាល នៃស្នងការនគរបាល ខេត្តព្រះវិហារ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោកស្នងការរង នាយការិយាល័យ និងអធិការក្រុង-ស្រុក ទាំង៨ ផងដែរ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានថ្លែងថា ដោយផ្អែកតាមការណែនាំរួមលេខ០០១គ.ស.អចុះ ថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧ របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងគ.ជ.ប ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារការធ្វើបច្ចុប្បន្ន ភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
លោកស្នងការ បានបន្តថា ក្នុងគោលបំណងបង្កៀនថែមទៀតនូវការប្រុងប្រយ័ត្ន និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តន៍សេចក្តីណែនាំ រួមរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប អគ្គស្នងការនគរបាលជាតិសូមណែនាំដល់ស្នងការរាជធានីខេត្តដូចខាងក្រោម៖
* ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយដល់អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធក្នុង រាជធានី-ខេត្តនីមួយៗ ពិសេសដល់កម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារដែលជាភ្នាក់ងារសន្តិសុខបោះឆ្នោត យកចិត្តទុកដាក់ចាត់តាំងអនុវត្ត តាមសេចក្តីណែនាំរួមលេខ០០១ គ.ស.អ ចុះថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧ របស់គណៈបញ្ជការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប ស្តីពីសកម្មភាពនិងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត។
* មានការទទួលខុសត្រូវដោយផ្ទាល់ ក្នុងការធ្វើបច្ចុប្បន្នភាពផែនការការពារការបោះឆ្នោត ដោយត្រូវត្រួតពិនិត្យ និងកែសម្រួលឡើងវិញ នូវកម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលត្រូវការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ផ្អែកលើតារាងអនុវត្តផ្លូវការដែល និងកំណត់ដោយ គ.ជ.ប និងត្រូវរៀបចំកម្លាំងប្រជាការពារដែលជាកម្លាំងជំនួយអន្តរាគមន៍នៅតាមឃុំ-សង្កាត់-ក្រុង-ស្រុក-ខណ្ឌ័ក្នុងរាជធានីខេត្តនីមួយៗ ស្របតាមគោលការណ៍ដូចមានចែងក្នុងសេចក្តីណែនាំរួមរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍និងគ.ជ.ប។ ផែនការការពារបោះឆ្នោតត្រូវឆ្លង ពីអភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តដើម្បីដាក់ឱ្យអនុវត្តនៅក្នុងរង្វង់ សមត្ថកិច្ចដែនដីនិងរាជធានី ខេត្តនិមួយៗ។
* ត្រូវរៀបចំបណ្តុះបណ្តាលមន្ត្រីនគរបាលទាំងអស់ ដែលជាភ្នាក់ងារសន្តិសុខបោះឆ្នោត និងកម្លាំងប្រជាការពារដែលជាកម្លាំងជំនួយអន្តរាគមន៍ នៅតាមឃុំ-សង្កាត់-ក្រុង-ស្រុក-ខណ្ឌ ក្នុងរាជធានី ខេត្តនិមួយៗ អំពីតួនាទីភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានិងនិតិវិធីសម្រាប់ការបោះឆ្នោត ដោយសហការជាមួយលេខាធិការដ្ឋាន ឬគណៈកម្មការរាជធានី-ខេត្ត ដើម្បីស្នើសុំគ្រូបង្គោលចូលរួមបណ្តុះបណ្តាលឱ្យទាន់ពេលវេលា។
* ចាប់ពីពេលនេះរហូតដល់ចប់ការការប្រកាសជាផ្លូវការលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦គ្រប់ស្នងការនគរបាលរាជធានី-ខេត្ត និងអង្គភាពជំនាញក្រោមឱវាទ ត្រូវពង្រឹងក្រុមប្រចាំបញ្ជាដើម្បីទទួល និងផ្លាស់ប្តូរព័ត៌មានដែលមានពាក់ព័ន្ធសន្តិសុខបោះឆ្នោត និងរាយការណ៍ ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខ ផ្ញើមកអគ្គស្នងការនគរបាលជាតិឱ្យបានទៀងទាត់ និងទាន់ពេលវេលាយ៉ាងតិចមួយថ្ងៃ២ដង គឺពេលព្រឹក និងពេលរសៀល។
ជាមួយគ្នានេះផងដែរ លោកស្នងការ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាសន្តិសុខនៅក្នុងប្រទេសរបស់យើង គឺមិនមានបញ្ហាអ្វីគួរ ឱ្យកត់សម្គាល់ និងត្រូវភយ័ខ្លាចនោះទេ ដោយសព្វថ្ងៃនេះ អ្នកវិនិយោគទុនបរទេសគេសំរុកមកបណ្តាក់ទុនច្រើនណាស់ ហើយអ្នកវិនិយោគទុន គឺគេមិនភ្លើដល់ថ្នាក់យកលុយវាល់លានដុល្លារ មកបណ្តាក់ទុនរកស៊ីនៅប្រទេសដែលជួបនូវបញ្ហាអសន្តិសុខនោះទេ។ ដែលករណីនេះ លោកស្នងការក៏បានណែនាំ ឱ្យមន្ត្រីនគរបាលរបស់យើងទាំងអស់ គឺត្រូវគោរពអនុវត្តតួនាទីដែលបានកំណត់ជាពិសេស គឺការពារការិយល័យបោះឆ្នោតឱ្យបានល្អស្របទៅតាមច្បាប់របស់ គ.ជ.ប៕