(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចជំនួបធុរកិច្ច ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (India-CLMV) លើកទី៥ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ កម្ពុជាបានរំពឹងទុកថា ឥណ្ឌានឹងចូលមកវិនិយោគ លើវិស័យជាច្រើន ក្នុងប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា វេទិកាធុរកិច្ច India-CLMV លើកទី៥នេះ ធ្វើឡើងដើម្បី៖

១៖ ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យជាច្រើនទៀត រវាងប្រទេសឥណ្ឌា និងCLMV។

២៖ ស្វែងរកដៃគូ និងជំនួបពាណិជ្ជកម្ម រវាងពាណិជ្ជករទាំង៥ប្រទេស ដើម្បីស្វែងយល់ និងធ្វើពាណិជ្ជកម្មរួមគ្នា។

៣៖ ពិភាក្សាដោះស្រាយលើផលប៉ះពាល់ និងបញ្ហាប្រឈមនានា ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម។

៤៖ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមករវាង ឥណ្ឌា និងប្រទេស CLMV ហើយប្រទេសទាំង៥ អាចពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀត លើវិស័យទេសចរណ៍ ដោយត្រៀមបង្កើតឲ្យមានការហោះហើរត្រង់ ផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញលើវិស័យកែឆ្នៃចំណីអាហារ កសិកម្ម និងទេសចរណ៍ជាដើម។ល។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ប៉ាន់ សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ពន្លឺនៃការចូលមកវិនិយោគ របស់ឥណ្ឌាមកកាន់កម្ពុជា អាចនិយាយបានថា ភ្លឺជាងមុន ព្រោះដោយសារតែឥណ្ឌាមកមើលផ្ទាល់ និងដឹងពីស្ថានភាព​ជាក់ស្ដែងនៃសក្ដានុពលនៃប្រទេស CLMV ជាពិសេសប្រទេសកម្ពុជានេះឯង»

លោកបានបញ្ជាក់ទៀតថា ឥណ្ឌាបាននាំចូលឱសថមកកម្ពុជា ចំណែកកម្ពុជាបាននាំចេញផលិតផលកសិផល ដូចជាគ្រាន់ស្វាយចន្ធីជាដើម ចូល​ទៅ​កាន់ប្រទេសឥណ្ឌា​។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឲ្យមានការវិនិយោគលើដំណាំកៅស៊ូ ជាមួយនឹងអ្នកវិនិយោគឥណ្ឌា លើផ្នែកនេះ​ថែមទៀត​ផង។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានចំនួន១២៦លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ ចំណែកឯការវិនិយោគផ្ទាល់របស់ឥណ្ឌាមកកម្ពុជា នៅក្នុងឆ្នាំ២០១៦ មានចំនួន២០លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា បញ្ចប់កិច្ចជំនួបធុរកិច្ច ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (India-CLMV) លើកទី៥ រយៈពេល២ថ្ងៃ បានបញ្ចប់ហើយនៅថ្ងៃទី២២ ខែឧសភានេះ បន្ទាប់ពីបើកដំណើរការនៅថ្ងៃទី២១ ខែឧសភាម្សិលមិញ៕