(ភ្នំពេញ)៖ ចំពោះមុខជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ ប្រកាសប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាណត្តិនេះ និងអាណត្តិក្រោយៗទៀត។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសលោក ចុះសំណេះសំណាលសួរសុខទុក្ខ និងទទួលយកសំណើសំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។
លោកក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព៕