(បាត់ដំបង)៖ នៅសល់តែជាង៦០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់ហើយ។ ការបោះឆ្នោតជ្រើសរើសតំណាងរបស់រាស្ត្រដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលពួកគេមើលឃើញថា បានប្រឹងប្រែងធ្វើការដើម្បីអភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជួយធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ជាមួយនឹងឱកាសជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលពេញចិត្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង ក៏បានប្រកាសថា ពួកគាត់បានត្រៀមទៅចូលរួមបោះ ឆ្នោតផងដែរ ដោយមិនចាញ់កលល្បិត និងការញុះញង់របស់ជនអគតិប្រឆាំងមួយក្តាប់តូចនោះឡើយ។
ការប្រកាសនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំពោះមុខប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំនរា ស្រុកសង្កែលោក សែម ស៊ីណង ពេលកំពុងដឹកនាំសហការីនាំថវិកា ចុះសួរសុខទុក្ខជនពិកា ចាស់ជរា៥០នាក់ នៅតាមខ្នងផ្ទះ និងជួបសំណេះសំណាលជាមួយយុវជនឃុំមកពី៤ភូមិ ដើម្បីទទួលការគាំទ្រពីពួកគាត់នៅពេលបោះឆ្នោតឆ្នាំ២០១៨នេះ ទទួលបានជោគជ័យ។
លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំនរា ស្រុកសង្កែ បានថ្លែងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីថ្នាក់កណ្តាលមក ក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និងសហការីតែងបានចុះបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈការកសាង អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ នៅតាមមូលដ្ឋានលើគ្រប់វិស័យ ពិសេសការងារ កិច្ចការសង្គមដោយបានចែកអំណោយមនុស្សធម៌ ដល់ក្មេងកំព្រា ស្រ្តីមេម៉ាយ ចាស់ជរា ពិសេស អ្នកជម្ងឺកំពុងជួបការលំបាកជាដើម។
លោកបានបញ្ជាក់ថា អំណោយដែលបានចែកជូននាថ្ងៃនេះមានចំនួន៥០នាក់ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល ថ្វីត្បិតថវិកានេះបានបន្តិចបន្តួចពិតមែន តែជាកាយវិកាមួយ និងជាវប្បធម៌ចែករំលែកចេះជួយគ្នាក្នុងគ្រាកំពុងមានជីវភាពខ្វះខាត។
លោកប្រធានបានបន្តថា រយៈពេលកន្លងមកដោយមាការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិ មានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ មានការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកន្លងមក ពិសេសបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីមានឱកាសដឹកនាំប្រទេសជាតិបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោកប្រធាន ក៏បានផ្តាំផ្ញើដល់យុវជនមកពី៤ភូមិ ក្នុងឃុំនរាទាំងអស់ ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ ដើម្បីទទួលការគាំទ្រស្រលាញរាប់អានពីពួកគាត់ផងដែរ៕