(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញសួរសុខទុក្ខកុមារកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងនាំយកថវិកាមួយចំនួន ជូនដល់មន្ទីរពេទ្យ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតសុខទុក្ខរបស់ និងដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមលោក ឃឹម ប៊ុនសុង មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារអាយុក្រោម១៦ឆ្នាំ ដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ទីរពេទ្យនេះ ហើយសង្ឃឹមថាវាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមាររបស់មន្ទីរពេទ្យ។
សូមជម្រាបថា ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាឱកាសនោះ រួមមាន៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ថវិកាផ្ទាល់ខ្លួន ៥,០០០ដុល្លារ, សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកា២០,០០០ដុល្លារ, លោកស្រី អ៊ាន សុខា ប្រធានក្រុមហ៊ុន រតនា ខូអបភើរេសិន និងសំណង់ ថវិកា៥០០ដុល្លារ, លោកស្រី សេន កញ្ញា និងស្វាមី ថវិកា១០០ដុល្លារ និងលោកស្រី រស់ សៀងហ៊ួរ និងស្វាមី ថវិកា១០០ដុល្លារ៕