(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះថា នាវាពិឃាតចំនួន២គ្រឿង និងនាវាផ្គត់ផ្គង់ភស្ដុភារ មួយគ្រឿង របស់ប្រទេសរុស្ស៊ី បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ មុនបន្ដដំណើរទៅមុខទៀត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នាវាទាំង៣គ្រឿងនេះ ផ្ទុកនាវិកទាំងអស់មាន ចំនួន៨១៩នាក់ដឹក នាំដោយលោកវរនាវីឯក Oleg korolev មេបញ្ជាការកងនាវាចម្បាំងរុស្ស៊ី ប្រចាំតំបន់ប៉ាស៊ីហ្វិក។
លោកស្នងការបានបញ្ជាក់ថា នាវាទី១៖ ឈ្មោះ Admiral Vinogradov លេខ៥៧២ ជានាវាពិឃាត មានបណ្តោយ១៦៣ម៉ែត្រ, ទទឹង១៩ម៉ែត្រ, ជម្រៅទឹក៧.៨ម៉ែត្រ, ទម្ងន់ផ្ទុក៧,៩០០តោន មានចំនួននាវិក៣៧៨នាក់។ នាវាទី២៖ ឈ្មោះ Adimral Tribus លេខ៥៦៤ ជានាវាពិឃាត មានបណ្តោយ១៦៣ម៉ែត្រ, ទទឹង១៩ម៉ែត្រ, ជម្រៅទឹក៧.៨ម៉ែត្រ, ទម្ងន់ផ្ទុក៧,៤៨០តោន និងមាននាវិក៣៧៨នាក់ និងនាវាទី៣៖ ឈ្មោះ Pechem Kolpashikov ជានាវាផ្គត់ផ្គង់ភស្តុភារ មានបណ្តោយ១៣០ម៉ែត្រ, ទទឹង២០ម៉ែត្រ និងមាននាវិកចំនួន៦៣នាក់៕