(ភ្នំពេញ)៖ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍ ក្រសួងទេសចរណ៍ និងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានដាស់តឿនដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ថា ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ត្រូវមានបុគ្គលិកដែលឆ្លងកាត់ការបណ្ដុះបណ្ដាល។
ការបញ្ជាក់យ៉ាងមុតមាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលធ្វើឡើងក្រោមវត្តមានលោក ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងលោក ជួប រតនា ប្រធានការិយាល័យវាយតម្លៃស្ដង់ដារទេសចរណ៍ នៃក្រសួងទេសចរណ៍ នៅសណ្ឋាគារហាយស្កាយ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
លោក ឡី សុភាព បានពន្យល់ថា មូលដ្ឋានអាជីវកម្មមួយដែលមានបុគ្គលជំនាញបម្រើការ នាំឲ្យសេវាកម្មក្នុងមូលដ្ឋានអាជីវកម្មនោះ មានគុណភាពខ្ពស់ ភ្ញៀវពេញចិត្ត និងចូលច្រើន បង្កើតឱកាសការងារជូនប្រជាពលរដ្ឋកាន់តែច្រើន បង្កើនចំណូលកាន់តែច្រើន ជីវភាពប្រជាពលរដ្ឋសមរម្យជាងមុន នាំទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ពោលទាំងម្ចាស់អាជីវកម្មផ្ទាល់ និងប្រទេសជាតិ នឹងទទួលបានផលចំណេញដូចគ្នា។
លោក ជួប រតនា បានឲ្យដឹងថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ និងភ្ញៀវទេសចរជាតិជាង ១០លាននាក់ទៀត ដោយបាននាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់។ ក្នុងចំណោមអ្នកបម្រើការក្នុងវិស័យទេសចរណ៍ជាង ៦២ម៉ឺននាក់នេះ មានតែ៣០%ប៉ុណ្ណោះ ដែលឆ្លងកាត់ការបណ្ដុះបណ្ដាល ដែលនេះគឺជាកង្វះខាតធនធានមនុស្សក្នុងវិស័យទេសចរណ៍។
ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងក្រោមការខិតខំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានខិតខំកៀរគរកិច្ចសហការបណ្ដុះបណ្ដាលពីផ្នែកឯកជន តួយ៉ាងមានសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជានេះជាដើម ដែលបានរួមចំណែកជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវស្ដង់ដារបណ្ដុះបណ្ដាលនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សំដៅបង្កើនសមត្ថភាពដល់អ្នកបម្រើសេវាកម្មទេសចរណ៍ ស្របតាមស្មារតី «សេវាមួយ ស្ដង់ដារមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ»។
លោក ឡី សុភាព នាយកសាលាដ៏មានប្រជាប្រិយភាព បានឲ្យដឹងទៀតថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល លើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងគុណភាព និងអនាម័យម្ហូបអាហារផងដែរនោះ សាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជារបស់លោក បើកទ្វារចាំទទួលបណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ ក៏ដូចជាបុគ្គលិកតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាជានិច្ច។
ជាក់ស្ដែងដូចជាវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នាឱកាសនេះ ក៏ជាការរួមចំណែកមួយក្នុងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការពង្រឹងគុណភាព និងអនាម័យម្ហូបអាហារដ៏សំខាន់ផងដែរ។ ម្យ៉ាងទៀត ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់មួយនេះ មិនមានការបង់ថវិកាឡើយ។
លោក ជួប រតនា បានសង្កត់ធ្ងន់ថា ជាចក្ខុវិស័យ នៅឆ្នាំ២០២០ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ ត្រូវមានបុគ្គលិកដែលឆ្លងកាត់ការបណ្ដុះបណ្ដាលឲ្យបានយ៉ាងតិច ៥០% ហើយនៅឆ្នាំ២០២៥ គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ ត្រូវមានបុគ្គលិកដែលឆ្លងកាត់ការបណ្ដុះបណ្ដាលឲ្យបានយ៉ាងតិច ១០០% «បើមូលដ្ឋានអាជីវកម្មទេសចរណ៍ណាមិនអនុវត្តតាមទេ នឹងមានវិធានការច្បាប់ជាកំហិត»។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់ ហើយការអំពាវនាវទាំងអម្បាលម៉ាលខាងលើនេះ គឺដើម្បីឆ្លើយតបនឹងកំណើនទេសចរដែលកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕