(សៀមរាប)៖ ដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ គម្រោង ACHA នៃអាជ្ញាធរជាតិអប្សរាផ្នែកកសិកម្ម សហការជាមួយអង្គរ IDE (In Partnership Promoting Agribusiness) បើកវគ្គបណ្តុះបណ្តាលដល់ប្រជាជន នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្តីអំពី «សុវត្ថិភាពនិងប្រសិទ្ធភាព នៃការប្រើប្រាស់ថ្នាំគីមី លើដំណាំកសិកម្ម» កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
វគ្គបណ្តុះបណ្តាលនេះ បង្រៀនទាំងទ្រឹស្តី និងការអនុវត្ត ឱ្យប្រជាកសិករដែលដាំដំណាំ ចេះពីរបៀបបាញ់ថ្នាំគីមីលើដំណាំឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងប្រសិទ្ធិភាព (ការប្រើប្រាស់សម្លៀកបំពាក់ ម៉ាស់សុវត្ថិភាព ស្រោមដៃ វ៉ែនតា) ឱ្យស្គាល់ពីសត្វបំផ្លាញដំណាំនិងសត្វដែលមានប្រយោជន៍ រួមទាំងវិធីទប់ស្កាត់ពីការបំផ្លាញរបស់សត្វល្អិត និងជំងឺផ្សេងៗផងដែរ។
អ្នកគ្រូ ចាន់ សុមនា អ្នកសម្របសម្រួលផ្នែកគីមីកសិកម្ម របស់អង្គការ IDE បានលើកឡើងថា ភាគច្រើនកសិករប្រើប្រាស់ថ្នាំគីមីទៅតាមទម្លាប់ មិនយកចិត្តទុកដាក់ពីសុវត្ថិភាពអាយុជីវិតពួកគាត់ទេ។ ដូច្នេះ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ដើម្បីឱ្យពួកគាត់ស្វែងយល់បានច្បាស់ពីការប្រើប្រាស់ថ្នាំ និងការការពារខ្លួនពីសារធាតុគីមី ដែលទាមទារឱ្យគាត់យកចិត្តទុកដាក់ខ្ពស់ក្នុងការស្លៀកពាក់ឱ្យបានត្រឹមត្រូវ មើលបរិស្ថានជុំវិញពាក់ព័ន្ធកន្លែងទុកដាក់ថ្នាំ កន្លែងដែលត្រូវបាញ់ថ្នាំ ស្គាល់សត្វល្អិតចង្រៃឬក៏សត្វល្អិតមានប្រយោជន៍មុននឹងបាញ់ថ្នាំ។ ចុងក្រោយ គឺផ្តោតទៅលើអ្នកបរិភោគ ត្រូវមើលសេចក្តីណែនាំឱ្យបានច្បាស់លាស់ពីការបាញ់ថ្នាំ តើប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់អាចប្រមូលផលទៅបរិភោគបាន ដែលមិនធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព។
អ្នកស្រី ឈិ រិ ជាកសិករគម្រូប្រចាំភូមិត្រាច បានលើកឡើងថា នេះជាលើកទី១ហើយ ដែលអ្នកស្រីទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថ្នាំកសិកម្ម។ អ្នកស្រី បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិ ដែលបានផ្តល់ពូជ ការទំនុកបម្រុងផ្សេងៗទាក់ទងនឹងការដាំដំណាំ រួមទាំងក្រុមការងារអង្គការ IDE ដែលតែងយកចិត្តទុកដាក់ណែនាំ តាមដាន និងបង្រៀនឱ្យស្គាល់ពីសត្វល្អមានប្រយោជន៍និងសត្វចង្រៃ ពិសេសជួយដោះស្រាយភ្លាមៗពេលដំណាំមានបញ្ហា។
ទាក់ទងនឹងការអភិវឌ្ឍជីវភាពប្រជាជនក្នុងតំបន់អង្គរ តាមរយៈកសិកម្មនេះ លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA ឱ្យដឹងថា ក្រុមការងារបានចុះជួយប្រជាកសិករក្នុងតំបន់រមណីយដ្ឋានអង្គរជាប្រចាំថ្ងៃនៅតាមភូមិឃុំគោលដៅ ដូចជា ឃុំដូនកែវ ឃុំសំរោងយារ ក្របីរៀល ព្រះដាក់ ភូមិសាលាក្រវ៉ាន់ (ភ្នំបូក) និងភូមិត្រាច (ចៅស្រីវិបុល)។
អាជ្ញាធរជាតិអប្សរាបានផ្តល់ពូជបន្លែ ពូជសត្វ ព្រមទាំងរកទីផ្សារខ្លះៗដើម្បីលើកស្ទួយជីវភាពអ្នកស្រុកឱ្យប្រសើរជាងមុន ពិសេសគឺសហការជាមួយអង្គការ IDE ដើម្បីបង្រៀនប្រជាជនឱ្យបានយល់ដឹងពីការដាំដុះ ដើម្បីទទួលបានទិន្នផលល្អ៕