(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក លោក វូ កៅវឹង (Wou Kaoveng) គណ:ប្រតិភូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីពេទ្យពហុវិទ្យាហ្វាហ្វាវ និងក្រុមហ៊ុនឱសថហូយ៉ាង ទីក្រុងកាន់ធឺរ៉ាស យោធភូមិភាគទី៩ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាកាដ្ឋានកងទ័ពជើងគោក។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ មាស សុភា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វូ កៅវឹង សមាជិកក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យហ្វាហ្វាវ និងក្រុមហ៊ុនឱសថ ហូយ៉ាង ទីក្រុងកាន់ធឺរ វៀតណាម ដែលរហូតមកតែងតែយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ ថវិកា ដល់ប្រទេសកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា រហូតមានការរីកចម្រើនដល់សព្វថ្ងៃ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ ភាគីមិត្តវៀតណាម នៅរៀងរាល់ឆ្នាំ តែងតែបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួនមកកាន់កម្ពុជា ដើម្បីជួយពិនិត្យនឹងព្យាបាលជំងឺ ដល់ប្រជាជនកម្ពុជា នៅតាមទីជនបទរបស់ខេត្តព្រះវិហារ និងបណ្តាខេត្តមួយចំនួន ក្នុងន័យពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព ជាបងប្អូនប្រទេសភូមិផងរបងជាប់គ្នា។
សូមបញ្ជាក់ថា ក្នុងរយ:ពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២២ ខែឧសភា ហើយក្រុមគ្រូពេទ្យស្ម័ក្រចិត្ត នៃមន្ទីរពេទ្យហ្វាហ្វាវ និងក្រុមហ៊ុនឱសថហូយ៉ាងទីក្រុងកាន់ធឺរ៉ាស វៀតណាម សហការជាមួយក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលកងទ័ពជើងគោនៃ ខ.ភ.ម បានចុះជួយពិនិត្យនឹងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារបានចំនួន១០០០នាក់ និងនៅខេត្តកំពង់ស្ពឺ ចំនួន១០០០នាក់ ផងដែរ៕