(កណ្តាល)៖ ក្រុមគ្រួសារ នៃសពជនរងគ្រោះមួយគ្រួសារ រួមមានឪពុក ម្តាយ និងកូននៅក្នុងផ្ទៃជិតគ្រប់ខែ កំពុងតែដង្ហើយរកយុត្តិធម៌ បន្ទាប់ពីសាច់ញាតិរបស់ខ្លួនបានស្លាប់បន្សល់កូនតូចម្នាក់ ទៀត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីម៉ូតូមួយគ្រឿង បានបើកមកបុកពួកគាត់ដួល ហើយក៏មានរថយន្តធុនធំមួយគ្រឿងទៀត បើកមកពីក្រោយបុក និងកិនថែមទៀត។
ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត និងអស់ជំនឿនោះ គឺអ្នកបើកម៉ូតូ និងអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចដោះលែងអស់ ធ្វើឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះទាំង៣នាក់ នៅវិលវល់មិនអាចទៅចាប់ជាតិថ្មីបាន។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាលលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៣៦-៣៧។
សាច់ញាតិជនរងគ្រោះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានទទូចស្នើសុំឲ្យសមត្ថកិច្ច និងស្ថាប័នតុលាការ ធ្វើការស្រាវជ្រាវឡើងវិញ នូវសោកនាថកម្មមួយនេះ ដើម្បីឲ្យជនរងគ្រោះស្លាប់ទៅ ទទួលបានយុត្តិធម៌ពិតប្រាកដផង។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ និងបានឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នេះផ្ទាល់ភ្នែក បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជាប្តី បានឌុបកូន និងប្រពន្ធដោយបើកយឺតៗ ធ្វើដំណើរខាងស្តាំដៃរបស់ខ្លួន ស្រាប់តែពេលនោះ ក៏មានម៉ូតូមួយគ្រឿង បើកដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ បើកឆ្លងផ្លូវពីជើងទៅត្បូងទៅរកស្តាំរបស់គាត់ ក៏បានប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលទាំងសងខាង។
ស្របពេលនោះក៏មានរថយន្តធំមួយគ្រឿង ធុនភ្លៅ៥ បើកបរមកក្នុងល្បឿនលឿន ពីក្រោយម៉ូតូជនរងគ្រោះ រួចក៏ជ្រុលទៅកិនជនរងគ្រោះទាំង៣នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈកូនស្រីតូចម្នាក់ទៀត រងរបួសបែកប្រអប់ជើងខ្ទេច។ តែអ្វីដែលគួរឲ្យសង្វែគបំផុតនោះ គឺស្ត្រីជាប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ បណ្តាលឲ្យបែកពោះចេញទារកមកខាងក្រៅផ្ទៃស្លាប់ទាំងអស់គ្នាតែម្តងទៅ។
បើយោងតាមការបំភ្លឺពីអ្នករស់នៅជិតកន្លែងកើតហេតុនោះ យុវជនដែលបើកម៉ូតូឆ្លងផ្លូវក៏ជាជនបង្ក ចំណែកអ្នកបើកបររថយន្តបើករថយន្តដឹកទំនិញធុនធំលឿនហួសល្បឿន ទៅកិនជនរងគ្រោះ ស្លាប់ ក៏ជាជនបង្កផងដែរ ប៉ុន្តែសមត្ថកិច្ចបានឲ្យអ្នកទាំងនេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ មិនឃាត់ខ្លួនអោយទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ដោយពួកគាត់បាននិយាយថា ការដោះលែងអ្នកបង្កទាំងនេះ ឲ្យមានសេរីភាពនោះ សង្ស័យមានពាក់ព័ន្ធលាភសការៈអ្វីមួយហើយមើលទៅ។
ក្រុមគ្រួសារសព បានបន្តថា ភ្លាមៗនោះ ពួកគាត់សួរនាំសមត្ថកិច្ចដែរ តែសមត្ថកិច្ចអះអាងថា វត្ថុតាងត្រូវយកទៅរក្សាទុក ចំណែកអ្នកបើកបរត្រូវបញ្ជូនចាត់ការទៅតាមផ្លូវច្បាប់ ប៉ុន្តែក្រោយមកទើបទទួលព័ត៌មានថា អ្នកបើកបរត្រូវបានគេដោះលែងហើយ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងខេត្តកណ្តាលផងដែរ។ ចំណែកឯយុវជន៣នាក់ជាអ្នកបើកម៉ូតូបង្ក ក៏ត្រូវបានផ្តិតមេដៃឲ្យរួចខ្លួនដូចគ្នា។
ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ច ឬតុលាការមិនធ្វើការស្រាវជ្រាវម្តងទៀតឲ្យបានសមរម្យនោះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងបន្តបន្ទាប់ ហើយនឹងដាក់ពាក្យបណ្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យអង្គភាពមួយនេះ ជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររងគ្រោះ។
ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ 1CW-9392 បើកបរក្នុងទិសដៅពីកើតទៅលិចមានឈ្មោះ ធ្លក សុផល អាយុ៤៦ឆ្នាំ ទីលំនៅភូមិ ស្រែចិន្ដា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងប្រពន្ធឈ្មោះ ចាន់ សុខឃីម (ស្លាប់ទាំងកូនក្នុងផ្ទៃ) និងកូនស្រីម្នាក់រួមដំណើរ មិនទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់ត្រូវបញ្ជូទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
អ្នកបើកម៉ូតូបង្កមានឈ្មោះ ឆួ ឆាងឈុន អាយុ១៧ឆ្នាំ ទីលំនៅភូមិកំពង់ចុះវា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយមាន
អ្នករួមដំណើ២នាក់ទី១៖ ឈ្មោះ ណែម សុខាវីត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិប្រក់ក្តា ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២ឈ្មោះ ប៉ាន កុសល អាយុ១៩ឆ្នាំ ទីលំនៅភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយឡែកអ្នកបើករថយន្ត Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9354 ឈ្មោះ ព្រាប ធា អាយុ៣២ឆ្នាំ ទីលំនៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង៕