(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋក្នុងសង្កាត់ច្រាំងចំរេះ១ និងសង្កាត់ច្រាំងចំរេះ២ ចំនួន២៥០គ្រួសារ បានទទួលអំណោយសម្រាប់ដោះស្រាយការទទួលទាន នាពេលស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាម ដែលជាអំណោយរបស់មូលនិធិ TDV នៃក្រសួងកិច្ចការសាសនាប្រទេសតួរគី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានលើកឡើងថា នេះជាលើកទី៦ ដែលអង្គការរបស់លោកចាប់ដៃនឹងរដ្ឋាភិបាលតួរគី ក្នុងការប្រតិបត្តិកម្មវិធីមនុស្សធម៌ទៅកាន់សហគមន៍កម្ពុជា ក្រៅពីជំនួយផ្នែកកញ្ចប់អាហារគ្រឿងទេស ក៏មានការផ្តល់គោ សម្រាប់ពិធីបូជាក្នុងបុណ្យហាជ្ជ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ទៅបំពេញការសិក្សានៅប្រទេសតួរគីជាដើម។
លោកបន្តថា ដើម្បីចូលរួមដោះស្រាយរាល់តម្រូវការរបស់សហគមន៍ មូលនិធិរបស់លោក ក៏បានធ្វើកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងអង្គការសប្បុរសធម៌អន្តរជាតិ ជាច្រើនប្រទេស ដូចជាម៉ាឡេស៊ី សាំងហ្គាពួរ ប្រុយណេ បណ្តាប្រទេសអារ៉ាប់ អាឡឺម៉ង់ បារាំង ជាដើម។
លោក អូស្មាន ហាស្សាន់ សមិទ្ធផលគ្រប់បែបយ៉ាងដែលទទួលបានពីអង្គការដៃគូរ គឺកើតឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលបានផ្តល់ភាពងាយស្រួល និងបើកទូលាយការពង្រឹងទំនាក់ទំនងជាមួយអង្គការ និងប្រទេសដៃគូរជាមិត្ត ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។
លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមាជិកអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលរ៉ាប់រងទំនាក់ទំនងផ្នែកគម្រោងនានា ជាមួយដៃគូរតួរគី បានឲ្យដឹងថា សម្រាប់ពិធីបួសរ៉ាម៉ាឌន ឆ្នាំ២០១៨នេះ មូលនិធិ TDV បានឧបត្ថម្ភ ជូនគ្រួសារសរុប១,២៥០គ្រួសារ គិតជាទឹកប្រាក់សរុប៣៤,២៣៧.៥០ដុល្លារ សម្រាប់ខេត្តចំនួន៥ ក្នុងនោះរាជធានីភ្នំពេញ២៥០គ្រួសារ, កំពង់ឆ្នាំង២៥០គ្រួសារ, កំពង់ធំ២៥០គ្រួសារ, បាត់ដំបង២៥០គ្រួសារ និងកំពត២៥០គ្រួសារ ហើយតំបន់នីមួយៗ ក៏ទទួលបានកញ្ចប់ថវិការរួមសម្រាប់ព្រះវិហារ ចំនួន៩៧៥ដុល្លារផងដែរ៕