(ព្រះសីហនុ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង១១៖០០ព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដម៉ាក់ដេវូ ពណ៌ត្រូយចេក ស្លាកលេខ 3D-2056 បុកជាមួយរថយន្ដ Camry បាឡែន ស្លាកលេខ 2T-2534 ពណ៌ទឹកប្រាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅលើផ្លូវជាតិ៤ មុខរោងចក្រមួយកន្លែង ស្ថិតនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ មន្រ្តីគយប្រចាំការកែវផុសម្នាក់ និងមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ម្នាក់ផងដែរ។
មន្រ្តីគយប្រចាំការកែវផុស ដែលបានស្លាប់ឈ្មោះ ញេប នៅ និងមេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកព្រៃកនប់ គឺលោកអនុសេនីយ៍ឯក ឆេង សុខនី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា នៅមុនកើតហេតុមន្ត្រីអាវុធហត្ថដែលជាមេបញ្ជាការរងអាវុធហត្ថស្រុកព្រៃនប់ ជាអ្នកបើករថយន្តជូនមន្ត្រីគយ ដើម្បីយកលុយទៅដាក់នៅរតនាគារជាតិ នារាជធានីភ្នំពេញ មិនទាន់ទៅដល់គោលដៅផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបុកជាមួយរថយន្តធុនធំ បណ្តាលរថយន្ត Camry ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយមន្ត្រីគយស្លាប់នៅនឹងកន្លែង ខណៈមន្ត្រីអាវុធហត្ថស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ករណីនេះ កម្លាំងសមត្ថកិច្ចបានការពារលុយ ដែលត្រូវដឹកទៅទុកនៅរតនាគារជាតិ មិនឲ្យមានការបាត់បង់ឡើយ៕