(ភ្នំពេញ)៖ ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និងថៃលើវិស័យការងារ និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេល នៃកិច្ចសហប្រតិបត្តិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានជាង ៣០ម៉ឺននាក់រួចហើយ ក្នុងចំណោមពលករជាង ៤០ម៉ឺននាក់ ដែលកំពុងបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្រោយជំនួបពិភាក្សាការងារជាមួយលោក ប៉ាន់យ៉ារ៉ាក ពលទ័ព ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២២ ខែឧសភានេះថា ពលករកម្ពុជាដែលបម្រើការងារដោយគ្មានឯកសារស្របច្បាប់ នៅក្នុងប្រទេសថៃពីមុនមកនោះ ឥឡូវនេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះ ឱ្យបានរួចរាល់នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។
លោករដ្ឋមន្រ្តីបានបន្តថា កន្លងមក កម្ពុជាបានបញ្ជូនក្រុមការងារអន្តរក្រសួងជាង៣០០នាក់ ទៅកាន់មជ្ឈមណ្ឌលចំនួន៣ នៅទីក្រុងបាងកក ខេត្តបទុមធានី និងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលមកដល់ពេលនេះ អាចចាត់ទុកថាទទួលបានលទ្ធផលជោគជ័យ ពោលគឺនៅសេសសល់ខ្លះកំពុងបន្តនិតិវិធីផ្តល់ជូន។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា នៅពាក់កណ្តាលខែមិថុនា ក្នុងឆ្នាំនេះ លោកនឹងដឹកនាំគណប្រតិភូក្រសួងការងារទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យចុងក្រោយ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ ក្រៅពីនេះក៏ខិតខំជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាវិស័យដទៃទៀតឱ្យបានល្អ និងមានប្រសិទ្ធភាព។
លោកឯកអគ្គរាជទូតថៃ ក៏បានអបអរសាទរចំពោះការបើកច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា នៅខេត្តបាត់ដំបង ដើម្បីរំលែកការធ្វើដំណើរដោយស្របច្បាប់របស់ពលករកម្ពុជា ពីច្រកប៉ោយប៉ែតទៅតាមច្រកថ្មីនេះ ស្របតាមកិច្ចសហប្រតិបត្តិការដោយរលូន និងឈ្នះ-ឈ្នះទៅវិញទៅមក៕