(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ខួបលើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល» ដោយប្រមូលថវិកាបានជាង១២ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជន។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមខេត្តលោក ចន្ទ័ សុផល ទីប្រឹក្សារាជរដ្ឋាភិបាល និងលោក ប៊ុតគឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដែលធ្វើឡើងនៅសាលមហោស្របស្ទឹងសង្កែក្រុងបាត់ដំបង។
នាឱកាសនោះដែរ លោក ងួន រតន: បានអានសារលិខិតទាំងស្រុងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ពីការងារមនុស្សធម៌ និងការងារជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា ទៅលើជនរងគ្រោះ និងជនងាយរងគ្រោះគ្រោះនៅគ្រប់ទិសទី ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះនៅតាមបណ្តាសហគមនានាទូទៅ ក្រោមទិសស្លោកថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល»។
លោក ងួន រតន: បានបន្តថា «យើងទាំងអស់គ្នាបានប្រារព្វទិវានេះឡើងក្នុងគោលបំណង៖ រម្លឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម, យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ, កៀរគររកមូលនិធិពីសប្បុរសជនទាំងអស់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ»។
សូមបញ្ជាក់ថាក្នុងពិធីប្រារព្វទិវានេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានទទួលថវិកាពីសប្បុរសជនទាំងអស់សរុបបានចំនួន ១២២.២១៦ដុល្លារអាមេរិក (មួយរយម្ភៃពីរពាន់ពីររយដប់ប្រាំមួយដុល្លារអាមេរិក) សម្រាប់បន្តបំពេញបេសកកម្មមនុស្សធម៌ក្នុងខេត្តបាត់ដំបងបន្តទៀត៕