(តាកែវ)៖ បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ ដែលធ្លាប់បានស្ម័គ្រចិត្តចូលសមរភូមិប្រយុទ្ធការពាររបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ៨០ និង៩០នោះ បានថ្លែងថា ពួកគាត់នៅតែជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយជឿជាក់ថា មេដឹកនាំរូបនេះនឹងបន្តនាំមកនូវវឌ្ឍនភាពសម្រាប់ជាតិកម្ពុជា និងជួយឲ្យពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើន។
ក្រុមអតីតយុទ្ធជនកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងប្រគល់មេដាយការពារជាតិ ដែលធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ សូកាន អ្នកដំណាងរាស្ត្រមណ្ឌលតាកែវ និងលោក អ៊ួច ភា អភិបាលខេត្តតាកែវ។
នៅចំពោះមុខអតីតយុទ្ធជនជាង៧ពាន់នាក់ និងនៅចំពោះថ្នាក់ដឹកនាំជាគណៈអធិបតី អ្នកស្រី ព្រីង គីម ត្រូវជាគ្រួសារអតីយុទ្ធជនពិការដែលទទួមរណៈភាពរស់នៅភូមិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលបងប្អូនអតីតយុទ្ធជនបានជឿជាក់ចំពោះការដឹកនាំរបស់គាត់ ដែលបាននាំប្រទេសនេះចេញពីភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។
ទាំងអ្នកស្រី ព្រីង គីម ក៏ដូចជាអតីតយុទ្ធជនដទៃទៀត បានថ្លែងអះអាងថា ពួកគាត់នៅតែជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនឹងបន្តបោះឆ្នោតគាំទ្រសម្តេចតេជោធ្វើជាមេដឹកនាំនាវាកម្ពុជាបន្តទៅមុខទៀត។
នៅក្នុងពិធីនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ទន្ទឹមការខិតខំជួយដោះស្រាយទុក្ខលំបាកជូនអតីតយុទ្ធជន ដែលលំបាកខ្វះខាតហើយនោះ ត្រូវខិតខំដើម្បីប្រមូលទិន្នន័យពីជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ។ ពិសេសត្រូវសិក្សាអង្កេតពីមុខរបរ និងកម្រិតសមត្ថភាពជំនាញរបស់អតីតយុទ្ធជនគ្រប់ប្រភេទ និង សមាជិកគ្រួសារ ដើម្បីរៀបចំគម្រោងដោះស្រាយការងារធ្វើ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រួមចំណែកដល់ការលើកកំពស់ជីវភាពគ្រួសារ បន្ថែមពីលើការជួយឧបត្ថម្ភគោលនយោបាយពីរដ្ឋ។
លោក អ៊ួច ភា បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ទៅបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃ២៩ ខែកក្កដា ខាងមុខនេះ ហើយមិនត្រូវជឿការញុះញង់ណាមួយនោះឡើយ។
ដោយឡែកលោក សុខ សូកាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ និងសម្រេចបានស្នាដៃធំៗជាច្រើន និងសូមកោតសសើរចំពោះការរួមចំណែកក្នុងបុព្វហេតុជាតិរហូតទទួលបានសុខសន្តិភាព និងសុំឲ្យអតីតយុទ្ធជនត្រូវជឿលើការដឹកនាំរបស់សម្តេចតេជោ និងបន្តគាំទ្រគណបក្សប្រជាជន៕