(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា ការអប់រំនាពេលបច្ចុប្បន្នកំពុងតែបាញ់ឆ្ពោះ ទៅលើការអប់រំនៅតាមទីជនបទ ដោយដាក់ចេញនូវគោលដៅភូមិមួយមានអនុវិទ្យាល័យមួយ ស្រុកមួយមានវិទ្យាល័យច្រើន។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះនៅក្នុងឱកាសសម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះស្ថានភាពយើងបានបង្កើនជាបណ្តើរៗ និងដោះស្រាយការលំបាក អីឡូវនេះ ការវិនិយោគក្នុងវិស័យអប់រំរបស់យើង យើងបានតម្រង់ទិសទៅរកជនបទបន្តទៀតតាមរយៈការដាក់ចេញនូវគោលនយោបាយភូមិមួយ អនុវិទ្យាល័យមួយយ៉ាងតិចអីឡូវនេះ នឹងស្រុកមួយវិទ្យាល័យច្រើន។

ជាមួយគ្នានេះបុរសខ្លាំងកម្ពុជា​ បានមានប្រសាសន៍បន្តថា កាលពីអតីតកាលក្នុងមួយខេត្តមានតែវិទ្យាល័យតែមួយប៉ុណ្ណោះ ប៉ុន្តែអីឡូវនេះ​នៅក្នុងមួយស្រុក មានវិទ្យាល័យមិនតិចជាង៣ ឬ៤នោះទេ ជាក់ស្តែងនៅក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង គ្រាន់តែជិះតាមដងផ្លូវជាតិ នឹងមើលឃើញមានវិទ្យាល័យ មិនក្រោមពី៣កន្លែងនោះទេ។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះ កម្ពុជាបានឈានទៅដល់ដាក់ចេញនូវគោលដៅខេត្តមួយ មានសាកលវិទ្យាល័យរដ្ឋមួយ ក៏​ប៉ុន្តែមិនទាន់គិតពីសាកលវិទ្យាល័យឯកយជន ដែលបានបើកសាខារបស់ខ្លួន ឬការវិនិយោគរបស់ក្រុមហ៊ុនឯកជន លើវិស័យអប់រំដោយបានបើក សាកលវិទ្យាល័យរបស់ខ្លួននៅតាមខេត្តនីមួយៗនោះទេ ក៏ប៉ុន្តែរដ្ឋាភិបាលមានបំណងធ្វើយ៉ាងណា ឱ្យខេត្តមួយមានសាកលវិទ្យាល័យមួយ។ ជាក់ស្តែងរហូតមកដល់ពេលនេះ នៅតាមខេត្តមួយចំនួនមានសាកលវិទ្យារួចទៅហើយដូចជា៖ ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តបាត់ដំបង, និងខេត្តបន្ទាយមានជ័យផងដែរ។

សម្តេតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា នឹងបន្តសាងសង់ដើម្បីឱ្យមានសាកលវិទ្យាល័យបន្ថែមទៀត ដើម្បីកាត់បន្ថយការលំបាក របស់និស្សិត ដែលបានធ្វើចំណាកស្រុកមកសិក្សានៅទីក្រុងភ្នំពេញ។ ទទឹមនឹងនេះនៅទីក្រុងភ្នំពេញត្រូវតែផ្តោតការយកចិត្តទុកដាក់លើការលំបាក រាល់ការស្នាក់នៅរបស់និស្សិតជានារី ដើម្បីឱ្យនារីបានទទួលនូវអប់រំកាន់តែច្រើនឡើង។

ទទឹមនឹងនេះបុរសខ្លាំងកម្ពុជា ជំរុញឱ្យមានការបណ្តុះបណ្តាលបន្ថែមទៀតតាមរយៈការវិនិយោគនៅក្នុងវិស័យអប់រំ ដែលជាវិស័យមួយនៅក្នុងវិស័យ​អាទិភាពក្នុងចំណោមវិស័យអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាល៕