(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនតំណាងរាស្រ្តវ័យក្មេងក្រោមអាយុ៣០ឆ្នាំ ច្រើនជាងគេ គឺរហូតដល់ប្រមាណ៤០ភាគ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនោះក៏មានផងដែរ នូវយុវជនអាយុ២៥ឆ្នាំប្រមាណ១៣នាក់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា បេក្ខជនវ័យក្មេងទាំងនោះ សុទ្ធសឹងតែជាអ្នកមានទេពកោសលខាងនយោបាយ ដែលត្រូវបានឈរឈ្មោះនៅមណ្ឌលមួយចំនួន ដែលជាមូលដ្ឋានរបស់គាត់ ក្នុងនោះមានមណ្ឌលបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង និងខេត្តកណ្តាល។
ប្រធានបក្សយុវជនរូបនេះ បានឲ្យដឹងទៀតថា មូលហេតុដែលគណបក្សសម្រេច ដាក់បេក្ខជនតំណាងរាស្រ្តវ័យក្មេងបែបនេះ គឺចង់បណ្តុះពូជអ្នកនយោបាយវ័យក្មេង ក្នុងការចូលរួមអភិវឌ្ឍជាតិ តាមរយៈសមត្ថភាពរបស់យុវជន និងបើកឱកាសដល់យុវជន ឲ្យភ្លក់រស់ជាតិធ្វើនយោបាយដោយខ្លួនឯង ដើម្បីកាត់បន្ថយយុវជនតែងតែគាំទ្រអ្នកនយោបាយចាស់ៗ ដើម្បីកុំឲ្យយុវជនងាយចាញ់បោក អ្នកនយោបាយចាស់ៗ។ ម៉្យាងវិញទៀត យុវជន គឺជាកម្លាំងស្នូល ក្នុងការចូលរួមអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា គណបក្សយុវជនកម្ពុជា ត្រូវបានអនុញ្ញាតជាផ្លូវការដោយគ.ជ.ប ឱ្យចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ គណបក្សថ្មីនេះ បានដាក់បេក្ខជនសរុបចំនួន២៣៤រូប សម្រាប់ការឈរឈ្មោះនៅរាជធានី/ ខេត្ត ចំនួន១៧។
គោលនយោបាយសំខាន់ៗរបស់ គណបក្សយុវជនកម្ពុជា គឺលើកកម្ពស់ការអប់រំ និងលើកកម្ពស់យុវជនជាកត្តាចម្បង។ លោក ពេជ្រ ស្រស់ ចង់ឲ្យយុវជនមានការងារធ្វើនៅក្នុងស្រុកឲ្យបានច្រើន និងទទួលបានប្រាក់ខែសមរម្យ ដើម្បីទប់ទល់នឹងការចំណាយផ្សេងៗ ព្រមទាំងរឹតបន្តឹងការអប់រំពីទាបទៅខ្ពស់ ពោលមិនមែនរឹតបន្តឹងតែនៅពេលប្រលងប៉ុណ្ណោះទេ៕